ប៉ូលីស​នូ​វែ​ល​សេ​ឡង់ បានស្លាប់ម្នាក់ និង​ម្នាក់ទៀត​​រងរបួស​ធ្ងន់ ខណៈត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ ក៏ត្រូវខ្មាំងកាំភ្លើងបាញ់ប្រហារ

ចែករំលែក៖

អន្តរជាតិ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅ​ក្នុង​ទីក្រុង AuckLand នៃប្រទេស​នូ​វែ​ល​សេ​ឡង់ ខណៈដែលខ្មាំងកាំភ្លើងបានបាញ់ប្រហារទៅលើប៉ូលីស២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលពួកគាត់កំពុងត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ​ ។ភ្លាមនោះជនសង្ស័យ​ដែល​បាញ់​ប៉ូលីស ​បាន​រត់គេចខ្លួន​ក្នុង​រថយន្ត​មួយ តែ​ជាង​៤​ម៉ោង​ក្រោយ​ហេតុនេះ ត្រូវបានក្រុមប៉ូលីស​​សម្រុកចូល​ផ្ទះមួយកន្លែង និង​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ផងដែរ ​។ នេះ​បើតាម​ប្រភព​ព័ត៍មានក្នុងស្រុក nzherald.com.nz បានចេញផ្សាយនៅថ្ងៃទី​១៩ខែមិថុនា ឆ្នាំ២០២០នេះ ។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់ប្រភពពីមន្រ្តីប៉ូលីសនូវែ​ល​សេ​ឡង់ បាននិយាយថា ពួកគេ​បានធ្វើ​ការងារ​ត្រួតពិនិត្យ​យានយន្ត​តាមផ្លូវ​ដូច​សព្វដង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២០ ហើយ​នៅពេលនោះ ស្រាប់តែមនុស្សម្នា​ក់បាន​បើក​ការបាញ់ប្រហារ​មកលើ​ពួកគេ មុនពេល​បើករថយន្ត​ចេញ​ទៅ ។ ដោយរថយន្ត​ជនសង្ស័យ ថែមទាំង​បើក​បុក​មនុស្សម្នាក់​នៅ​កន្លែងកើតហេតុ​ផងដែរ​។

​លោក Andrew Coster ស្នងការ​ប៉ូលីស​នូ​វែ​ល​សេ​ឡង់ និយាយថា “ វា​គ្មានអ្វី​កើតឡើង​ខុសធម្មតា​ឡើយ នៅពេល​រថយន្ត​ជនសង្ស័យ​នោះ​ចត​ឲ្យ​ប៉ូលីស​ត្រួតពិនិត្យ​ ដោយពួកគេមិន​មានទាំង​កាំភ្លើង​ជាប់​ខ្លួន​ផងដែរ​ “ ។ លោកបន្ថែមថា  ជាធម្មតា​ប៉ូលីស​នូ​វែ​ល​សេ​ឡង់ ពុំ​ទម្លាប់​កាន់​កាំភ្លើង​ឡើយ តែ​ទុក​នៅក្នុង​រថយន្ត​។

លោក Coster អះអាង​​ប្រាប់​សារព័ត៌មាន​ក្នុងស្រុកយ៉ាងដូច្នេះ​ថា​៖«​នេះ​គឺជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​ ។ នេះ​គឺជា​ព័ត៌មាន​អាក្រក់​បំផុត​ដែល​ប៉ូលីស​និង​ក្រុមគ្រួសារ​ពួកគេ​ទទួលបាន​»​។ ​លោកស្នងការ Coster បញ្ជាក់ថា មន្ត្រីប៉ូលីស​ទី​២ដែលមាន​របួសធ្ងន់នោះ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ខណៈ​ប្រជាជន​ម្នាក់​ដែលត្រូវជនសង្ស័យបើកបុក​នៅ​កន្លែងកើតហេតុ​នោះ ក៏​សម្រាកនៅ​មន្ទីរពេទ្យ​ដោយមាន​របួសស្រាល​ ។

​ដោយឡែកអ្នកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern នៅក្នុង​សេចក្តីថ្លែងការណ៍ បាននិយាយថា ព័ត៌មាន​នេះ គឺជា​រឿង​តក់ស្លុត​បំផុត​សម្រាប់​ប្រជាជាតិ​ ។ អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​បាត់បង់​ប៉ូលីស​ម្នាក់​ គឺ​បាត់បង់​មនុស្ស​ម្នាក់​ដែល​ធ្វើការ​បម្រើ​យើងទាំងអស់គ្នា ប៉ុន្តែ​ក៏​ជា​សមាជិកគ្រួសារ​យើង មនុស្ស​ដែល​យើង​ស្រលាញ់ និង​មិត្ត​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print