ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19 សិង្ហ​បុរី ត្រូវតែ​រៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖ លោក​Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី តាមរយៈ​វេទិកា​ស្តីពី​ផែនការ​ស្តា​ប្រទេស​ឡើងវិញ​នៅ​ថ្ងៃ​២០ មិថុនាម្សិលមិញនេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​អាទិភាព​ចំនួន​បី ដែល​រដ្ឋាភិបាល​យល់ថា​សំខាន់ និង​ចាំបាច់​បំផុត ក្នុង​ការស្តា​ស្ថានភាព​របស់​ប្រទេស​ទៅរក​ភាព​ដើម និង​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Today Online​។​

លោក​ឧបនាយករដ្ឋមន្ត្រី បានអះអាង​ថា ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19  សិង្ហ​បុរី ត្រូវតែ​សម្រួច​គោលនយោបាយ​របស់ខ្លួន​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​សកល​តាមរយៈ​ការរៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​។​ ដោយកិច្ចការ​អាទិភាព​ទាំងបី ដែល​រដ្ឋាភិបាល​សិង្ហ​បុរី ត្រូវធ្វើ​នោះ​រួមមាន​ធ្វើ​ឲ្យ​កាន់តែ​សកម្ម​លើ​លំហូរ​សេរី​នៃ​ទំនិញ និង​សេវាកម្ម​, វិនិយោគ​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រួច​ការប្រកួតប្រជែង​លើ​វិស័យ​ស្រាវជ្រាវ និង​នវានុវត្តន៍​។

​សម្រាប់​កិច្ចការ​អាទិភាព​ទី​១ លោក Heng Swee Keat ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រីLee Hsein Loong នោះបាន​ពន្យល់ថា សិង្ហ​បុរី នឹង​ខិតខំ​ស្វែងរក​មធ្យោបាយ​ឲ្យ​កាន់តែ​សម្បូរបែប​ដើម្បី​សម្រួល​ដល់​លំហូរ​សេរី​នៃ​ទំនិញសេវាកម្ម មូលធន និង​ទិន្នន័យ​ផ្សេងៗ​ជាដើម​។  ក្នុងនោះ ក៏​បន្ត​បើកចំហរ​ប្រទេស​សម្រាប់​ទទួល​វិនិយោគ និង​ពាណិជ្ជកម្ម​ក៏​ស្ថិតនៅក្នុង​ចំណែក​នេះដែរ​។​

​រីឯ​កិច្ចការ​អាទិភាព​ទី​២​វិញ មូលហេតុ​ដែល​សិង្ហ​បុរី​ត្រូវ​ផ្តោតលើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​សិង្ហ​បុរី អា​ចត​ភ្ជាប់​ជាមួយនឹង​ពិភពលោក ក៏ដូចជា​ធ្វើ​ឲ្យ​ការធ្វើដំណើរ​នៅក្នុង​ប្រ​ទេ​សិង្ហ​បុរី​កាន់តែ​ឆាប់រហ័ស ងាយស្រួល និង​ជា​កន្លែង​ដ៏​ស្រស់ស្អាត​ពោរពេញ​ដោយ​ធម្មជាតិ​បៃតង​។ ចំណុច​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុងស្រុក​រស់នៅ​ប្រកបដោយ​សុខមាលភាព​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ក៏​ជួយ​ទាក់ទាញ​វិនិយោគ​ទៅកាន់​សិង្ហ​បុរី​កាន់តែច្រើន​ទៀតផង​។​

​ការស្រាវជ្រាវ និង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី គឺជា​ការងារ​អាទិភាព​ទី​បី ដែល​សិង្ហ​បុរី​ត្រូវ​យកចិត្តទុកដាក់​។ បើតាម​ការគូសបញ្ជាក់​របស់លោកHeng Swee Keat រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ស​ម្រា​ប់​ជ្រោមជ្រែង​ការងារ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថ្មី និង​មាន​ប្រសិទ្ធភាព​បំផុត ដែល​អាច​យកទៅអនុវត្ត​ក្នុង​បញ្ហា​ប្រឈម​រួម​របស់​ពិភពលោក ក៏ដូចជា​សិង្ហ​បុរី​ផ្ទាល់​តែម្តង​។​

​ជាមួយនឹង​ផែនការ​នេះ រដ្ឋាភិបាល​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​មួយ​នេះ ក៏បាន​បង្កើត​ឲ្យ​មាន​យន្តការ​មួយចំនួន​ដើម្បី​ប្រមូលផ្តុំ​គ្រប់ភាគី និង​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​របស់​ប្រទេស ក្នុងការ​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះស្រាយ​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រឹងមាំ​លើ​គ្រប់​វិស័យ​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print