លោក ថោង ខុន អញ្ជើញសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំគណ:ប្រតិភូក្រសួងទេសចរណ៍ គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ទីរពាក់ព័ន្ធ និង អាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។
បើតាមរបាយការណ៍សង្ខេបរបស់លោក ឌឿម ឌន់ ប្រធានសហគមន៍ ព្រៃឈើទឹកជប់ខ្នារពោធិ៍ បានអោយដឹងថា៖ ប្រជាពលរដ្ឋស្ទើរតែទាំងអស់បានបញ្ជាក់ពីដើមកោងកាងមានដុះតែនៅតាមតំបន់មាត់សមុទ្រតែប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះផងដែរ នៅក្នុងខេត្តសៀមរាប ខណ:ទឹកដីដ៏អច្ឆរិយ:របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។

ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានដុះគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា លើផ្ទៃដីចំនួន ១,០២២ហិកតាដែលគ្រប់គ្រងដោយសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ ។ ស្ថានភាពដីទីនោះ ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ។

ដើម្បីដើរទស្សនាទេសភាពនៅតាមតំបន់ព្រៃកោងកាងនេះបាន កន្លងមកប្រជាសហគមន៍ និងមានការចូលរួមពីបណ្តាមជ្ឈដ្ឋានផ្សេងៗ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនម៉ែត្រ សម្រាប់ឱ្យភ្ញៀវទេសចរណ៍អាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។ នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូង ច្រាងប្រជ្រៀតគ្នាយ៉ាងស្រស់បំព្រង ។
លោកបន្តថា៖ អ្វីដែលជាភាពខុសប្លែកគ្នាទៅនឹងដើមកោងកាងទឹកប្រៃនោះ គឺត្រង់ថាដើមកោងកាងនៅខេត្តសៀមរាបនេះមានកម្ពស់ចាប់ពី ៨-១០ម៉ែត្រ គឺខ្ពស់ជាងដើមកោងកាងនៅមាត់សមុទ្រ រីឯស្លឹកវិញក៏រាងត្រវែងជាងដើមកោងកាងនៅសមុទ្រដែរ ចំណែកឫសរបស់វានោះទៀតសោត ក៏ឃើញដុះចេញពីតួដើមខ្ពស់ជាង វែងជាង និងច្រើនជាងផងដែរ។

លោក ឌឿម ឌុន បានបន្តអោយដឹងទៀតថា ៖ សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសមាជិកសហគមន៍មានចំនួន ១,០០០គ្រួសារ ហើយបានបញ្ចូលសេវាកម្មទេសចរណ៍នៅដើមឆ្នាំ២០២០ ថ្មីៗនេះ ដោយទទួលបានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាការបង្ហាត់បង្ហាញពីការរៀបចំ ការផ្ដល់សេវាកម្មទេសចរណ៍ជូនភ្ញៀវផងដែរ ខណៈបច្ចុប្បន្នសហគមន៍បាននឹងកំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះដូចជា រៀបចំជាស្ពានដើរទស្សនា តូបសម្រាប់អង្គុយសម្រាកកម្សាន្ត ជីកស្រះចញ្ចឹមត្រី កន្លែងអាហារដ្ឋាន និងតូបលក់កសិផល អនុផលព្រៃឈើជាដើមផងដែរ។
លោកបានអះអាងថាក្នុងព្រៃសហគមន៍បច្ចុប្បន្ន ក៏សម្បូរសត្វព្រៃដូចជា: ជ្រូកព្រៃ, ឈ្នូស, ក្ដាន់ញែង, ស្វា, ទោច មាន់ព្រៃ, អូត, ទីទុយ, ក្លែងស្រាក, ពស់ និងប្រភេទសត្វចតុបាទ ល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត ។ ខណៈសត្វទាំងនេះត្រូវបានការពារដោយប្រជាសហគមន៍ រួមទាំងការកាប់បំផ្លាញព្រៃឈើទៀតផង ។
ឆ្លៀតក្នុងឪកាសនេះឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ចាប់អារម្មណ៍ថា ជាផលិតផលថ្មីមួយទៀតបំរើឲ្យវិស័យទេសចរណ៍ដ៏មានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅក្នុងខេត្តសៀមរាប។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់បងប្អូនប្រជាសហគមន៍ និងលើកទឹកចិត្តអោយមានការខិតខំបន្តការអភិវឌ្ឍន៍ និង ការពារធនធានធម្មជាតិបន្ថែមទៀតប្រកបដោយចិរភាពសំរាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានជួយឧបត្ថម្ភសំរួលដល់ការជួសជុលផ្លូវចូលក្នុងសហគមន៍អោយបានល្អប្រសើរជាងមុនផងដែរ ៕

...


ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print