ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ រវាងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនស្តេឡា ជាមួយរថយន្តដឹកឥដ្ឋបណ្តាលឲ្យអ្នកបើកបររថយន្តស្តេឡាគៀបជាប់ក្នុងកាប៊ីនរថយន្តរបួសធ្ងន់ ។ អ្វីគួរឲ្យហួសចិត្តនោះ គឺម្ចាស់រថយន្តដឹកឥដ្ឋបានបើកចេញបានប្រមាណ៣០០ម៉ែត្រ ក៏ក្រឡាប់ផ្ងារកង់ចាក់ឥដ្ឋចោលពេញផ្លូវសាជាថ្មីម្ដងទៀត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត២ដងនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងមុខសកលវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមមន្ត្រីនគរបាលក្រុងស្វយរៀងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ស្វាយរៀង 3A-0117 ដឹកឥដ្ឋពេញទ្រុង បើកពីទឹសខាងលិច ទៅកើត មកឈប់លើទ្រូងផ្លូវជាតិលេខ១ ខាងមុខសកលវិទ្យាល័យស្វាយរៀង ស្របពេលនោះ មានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-5466 របស់ក្រុមហ៊ុនស្តេឡា ដឹកប្រេងម៉ាស៊ីន បើកពីទឹសខាងលិចមកកើត ស្របទឹសគ្នា យ៉ាងលឿនទំនងជាងងុយដេកក៏រេចង្កូតមកបុករថយន្តដឹកឥដ្ឋពីក្រោយពេញទំហឹងលាន់ដូចរន្ទះ រួញកាប៊ីនបណ្តាលឲ្យអ្នកបើកបររងបួសធ្ងន់ សន្លប់គៀបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវអ្នកស្រុកនាំគ្នាគាស់កាប៊ីនរថយន្ត ទាញជនរងគ្រោះចេញមកក្រៅ ។
ជនរងគ្រោះឈ្មោះ ផា ស៊ីណារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ អ្នកបើកបររថយន្ត មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗ។ រីឯរថយន្តដឹកឥដ្ឋ សមត្ថកិច្ចឲ្យអ្នកបើកបរបើកមកការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាន ខេត្តដើម្បីដោះស្រាយ ។ លុះពេលបើកបានប្រមាណជា៣០០ម៉ែត្រ ស្រាប់តែបាក់ជន្ទាសក្រឡាប់ផ្ងារកង់ចាក់ឥដ្ឋចោលពេញផ្លូវថ្នល់ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មូលហេតុរថយន្តក្រឡាប់នោះ ដោយសារម្ចាស់កែឆ្នៃសាក់ស៊ី និងទ្រុងខុសបច្ចេកទេស គឺរថយន្តចំណុះ៣តោន កែទ្រុង និងសាក់ស៊ីដឹករហូត១០តោនទៅ១៥តោន ទើបបាក់ជន្ទាសក្រឡាប់ដូច្នេះ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទេ។
រថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សទុកនៅការិល័យនគរបាលចរាចរណ៍ស្នងការដ្ឋាន ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕
ដោយ៖ យឹម សុថាន