ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ COVID-19 ចិនផ្អាកការនាំចូលសាច់មាន់ពីអាមេរិក និងបិទរោងចក្រមួយនៅក្រុងប៉េកាំង

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរចិននបានបញ្ជាឲ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង និងផ្អាកការនាំចូល ផលិតផលសាច់មាន់ពីក្រុមហ៊ុនអាមេរិកមួយចំនួន កាលពីថ្ងៃអាទិត្យទី២១ ខែមិថុនាម្សិលមិញនេះ ដោយសារតែបារម្ភពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរគយចិន ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាមេរិក ថាយសាន់ (Tyson Foods) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុនមួយនេះ នៅសហរដ្ឋអាមេរិក មានករណីឆ្លងCOVID-19 ជាចង្កោម។ អាជ្ញាធរគយចិន បានបន្ថែមទៀតថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន Tyson Foods ដែលបានមកដល់ទឹកដីចិនរួចហើយ នឹងត្រូវបានរឹបអូស ខណៈរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីបុគ្គលិកជាច្រើននាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19

សូមជម្រាបថា ការសម្រេចចិត្តខាងលើ បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់នៃការឆ្លង COVID-19 ក្រោយមានសេចក្ដីរាយការណ៍ ពីការរកឃើញករណីឆ្លងជាចង្កោមនៅក្នុង ក្នុងរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print