ភ្នំពេញ៖ បន្ទាប់ពីអត្តពលិកចម្រុះជាតិសាសន៍មកពី២៦ប្រទេស បានចូលរួមរត់ក្នុងព្រឹត្តិការណ៍Ultra Marathon លើកទី១ នៅតំបន់អង្គរ ឆ្លងកាត់ឧបសគ្គជាច្រើនដែលមានចំងាយផ្លូវ១២៨គីឡូម៉ែត្រ ត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជាបានប្រសិទ្ធនាមថា ជាកីឡាករ កីឡាការិនីដែក កាលពីព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៦ ។
លោករដ្ឋមន្ត្រីបានថ្លែងថា ការរត់ឆ្លងកាតរឧបសគ្គដ៏លំបាករយៈពេលពីរថ្ងៃនៅតំបន់អង្គរបានធ្វើអោយអត្តពលិកទាំងអស់ចងចាំមិនភ្លេច បន្ទាប់ពីបានគយគន់ទេសភាពធម្មជាតិ ដ៏ប្រណិតនៅទឹកដីអង្គរ។ លោកមានប្រសាសន៍ថា អ្វីដែលធ្វើអោយអត្តពលិកមិនអាចបំភ្លេចបាននោះគឺក្រោយពេលពួកគាត់បានឃើញទេសភាពនៅបរិវេណអង្គរតាមរយៈការត់ចម្ងាយផ្លូវ១២៨គីឡូម៉ែត្រដ៏សែនឆ្ងាយ ។ លោកបានបន្តទៀតថា អ្នករត់ទាំងអស់ត្រូវឆ្លងកាត់ឧបសគ្គនៅក្នុងព្រៃបរិស្ថានធម្មជាតិ វាលស្រែរបស់អ្នកភូមិ និងភូមិ សហគមន៍តូចៗជាច្រើន ហើយពួកកាត់ទទួលបានការស្វាគមន៍ពីប្រពលរដ្ឋខ្មែរ រស់នៅក្នុងសហគមន៍យ៉ាងកក់ក្តៅមិនអាចបំភ្លេចបានទាំងថ្ងៃ យប់រហូតឈានដល់ទទួលបានជ័យជម្នះ ។
ដោយឡែកលទ្ធផលប្រកួតរត់ចម្ងាយផ្លូវ១២៨គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករឈ្មោះ Hain Lin Soh មកពីប្រទេសម៉ាឡេស៊ី ប្រើថិរវេលា១៨ម៉ោង ៣៤នាទី និង៥៦វិនាទី។ ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ Porthra Anbrew មកពីអាហ្វ្រិកខាងត្បូង ប្រើថិរវេលា១៨ម៉ោង ៣៨នាទី និង៣១វិនាទី លេខ៣ បានទៅ កីឡាករ Clenenc Julien មកពីបារាំង ប្រើថិរវេលា ១៩ម៉ោង ២៨នាទី និង ០៧វិនាទី និងចំណាត់ថ្នាក់លេខ៤ បានទៅកីឡាករជនជាតិជប៉ុន-សញ្ជាតិខ្មែរ Konoshita Nitsuti ប្រើថិរវេលា២០ម៉ោង ៣៩នាទី និង ៥៥វិនាទី ។
ចំណែកចំណាត់ផ្នែកនារីរត់ចម្ងាយ១២៨គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី Boolthanit Uksobkeaw មកពីប្រទេសថៃប្រើថិរវេលា២១ម៉ោង ២៧នាទី និង ៥៧វិនាទី លេខ២ បានទៅកីឡាការិនីBufous Isabtlle មកពីបារាំង ប្រើថិរវេលា ២២ម៉ោង ៤០នាទី និង ០៦វិនាទី និងលេខ៣ បានទៅកីឡាការិនី Eyre Aurelia មកពីបារាំង ប្រើថិរវេលា២៣ម៉ោង ៣៨នាទី ៕
ដោយ៖ សារីម