ភ្នំពេញ៖ គំរោងសាងសង់អគារពាណិជ្ជកម្ម កម្ពស់៣៦ជាន់«The Gate WayProjcct»ដែលជាការសហការរួមគ្នារវាងក្រុមហ៊ុន TACC Corp.,Ltd នៃប្រទេសសិង្ហបុរី និង ក្រុមហ៊ុន អាល់ហ្វា ខុនស្ត្រាក់សិន របស់កម្ពុជានឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ហើយ។ អគារនេះគ្រោងនឹងសាងសង់ឲ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង មុខនេះ។
ទន្ទឹមនឹងស្ថិរភាពនយោបាយរឹងម៉ាំ ជាមួយកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឲ្យវិនិយោគិនខ្មែរ និងបរទេសកាន់តែច្រើនឡើងៗ បានចូលមកបោះទុនវិនិយោគ នៅលើវិស័យខុនដូ និងការិយាល័យប្រណិតៗរបស់ខ្លួននៅរាជធានីភ្នំពេញ ជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។គម្រោងថ្មីខាងលើនេះ ត្រូវបានប្រារព្វពិធីប្រកាសបើកដំណើរការជាផ្លូវការកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានប្រកាសបើកជាផ្លូវការហើយនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រារាជធានីភ្នំពេញ។
គំរោង The Gate Way Project នេះគឺជាគំរោងអគារការិយាល័យពាណិជ្ជកម្មទំនើបប្រភេទ A និងលំនៅដ្ឋានស្នាក់នៅរួមដ៏ល្អប្រណិតកម្រិតអន្តរជាតិដែលមាននៅក្នុងប្រទេសសិង្ហបុរីបានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅតំបន់ស្ថិតនៅជាប់ស្ពានអាកាស៥មករា។
លោក Neo Tiam Boon នាយកប្រតិបត្តិ ក្រុមហ៊ុន TA CORP Singapore បានឲ្យដឹងនៅក្នុងពិធីប្រកាសបើកគម្រោងនោះថា គម្រោង The Gate Way នេះ មានទីតាំងស្ថិតនៅជិតផ្លូវឡើងខាងកើតស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ដែលជាផ្លូវឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងនេះ និងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ ហើយគ្រោងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយសាងសង់លើផ្ទៃដីទំហំ ៦០៤០ម៉ែត្រការ៉េដែលមានអាគារខាងមុខជាការិយាល័យប្រណិត មានកម្ពស់៣៦ជាន់ ស្មើនឹង២៩៩យូនីត នឹងអាគារខាងក្រោយជាអាគារ Resdence Hall ដែលមានលំនៅដ្ឋានដ៏ប្រណិតប្រកបដោយផាសុខភាពមានកំពស់៣៩ជាន់ស្មើ នឹង៥៧២យូនីត។ លោក Neo Tiam Boon បានចាត់ទុកកម្ពុជា ជាទីផ្សារអចលនទ្រព្យដែលមានភាពរស់រវើកជាទីបំផុតដែលជំរុញឲ្យក្រុមហ៊ុនធំៗ ក៏ដូចជា ក្រុមហ៊ុនTACC Corp.,Ltd មាន ការចាប់អារម្មណ៍ ហើយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជានៅក្នុងវិស័យសំណង់អចលនទ្រព្យនេះ។ លោកស្រី ខា ឡេង អគ្គនាយិការក្រុមហ៊ុន អាលហ្វា ខុនស្ត្រាកសិនដែលជាដៃគូក្នុងការសាងសង់គម្រោងខាងលើបានលើកឡើងដែរថា អាលហ្វា ខុនស្ត្រាកសិន មាន បទពិសោធជាច្រើនឆ្នាំមកហើយ ខាងផ្នែក អចលនទ្រព្យនិងសំណង់។ លោកស្រីបានបន្តថា«យើងសហការគ្នាដោយភាពជឿជាក់ នឹងជាដៃគូយុទ្ធសាស្ត្រសម្រាប់វិនិយោគបង្កើតគម្រោង The Gate Way ដើម្បីបំពេញ ជាតម្រូវការសម្រាប់ការិយាល័យពាណិជ្ជកម្ម ប្រភេទA និងលំនៅស្ថានប្រណិតប្រកបដោយគុណភាពកម្រិតអន្តរជាតិ»។ បើតាមលោកស្រី ខា ឡេង ថា គុណសម្បត្តិ នៃការរស់នៅបែបខុនដូរ និងកន្លែង ធ្វើការទំនើបនោះនឹងធ្វើឲ្យជីវិតរស់នៅកាន់តែទាន់សម័យនឹងផ្តល់នូវជីវិតពោរពេញដោយភាពសប្បាយរីករាយប្រកបដោយផាសុខភាព សុវត្ថិភាព។ក្រុមហ៊ុនTACC Corp.,Ltd ជាក្រុមហ៊ុនមួយមានបទពិសោធជាង៤០ឆ្នាំ នៅលើ វិស័យអភិវឌ្ឍន៍អចនលទ្រព្យនិងកាសាងសង់ការិយាល័យដ៏ទំនើបៗដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសិង្ហបុរី ៕ ភារក្ស