ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរាប់រយ រាប់ពាន់គ្រួសារ មានការព្រួយបារម្ភ និងហួសចិត្តការមិនទទួលខុសត្រូវរបស់ក្រុហ៊ុន CP និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មួយកន្លែងបានផ្ទុះជំងឺឆ្លង បង្កឲ្យមាន់ងាប់ចំនួនជាង ១១.៥០០ក្បាល ហើយមិនព្រមយកខ្មោចមាន់ទៅកប់នៅកន្លែងមានសុវត្ថិភាព បែរជានាំយកសាកសពមាន់ទៅចោលតាម ប្រឡាយទឹក និងទីតាំងប្រឡាយទឹកជាច្រើនទៀត ស្ថិតនៅក្នុងសង្កាត់ កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់ស្រយូវ បង្កឲ្យមានការព្រួយបារម្ភអំពីការឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមមាន់នេះ គឺជាទីតាំងស៊ីឈ្នួលចិញ្ចឹមមាន់ឲ្យក្រុមហ៊ុន CP ហើយមាន់ចាប់ផ្តើមងាប់ជាបន្តបន្ទាប់រយះពេល ១០ថ្ងៃមកហើយ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ កសិដ្ឋានចិញ្ចឹមមាន់ស្ថិតនៅ ភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានមាន់សរុប ចំនួន១២.០០០ក្បាល ចំនួនមាន់ដែលងាប់មកដល់ពេលនេះមានចំនួន ១១.៧០០ក្បាល ក្រោយពីក្រុមហ៊ុនCP ដឹងថា មាន់របស់ខ្លួនឆ្លងជំងឺងាប់ ពុំមានវិធានការទប់ស្កាត់ ឬរាយការណ៍មកមន្ទីរបស្សុព្យាបាលសត្វ បែរជានាំគ្នាច្រកមាន់ងាប់ដាក់ក្នុងការ៉ុងដឹកយកមកបោះចោលចូល ប្រឡាយទឹក ដែលប្រជាកសិករកំពុងធ្វើស្រែបង្កអោយស្អុយរលួយជះក្លិនអាសោច ដឹកយកទៅចោលនៅទីតាំងផ្សេងៗគ្នា បណ្តាលឲ្យដង្កូវចាក់រុក ធ្លុះធ្លាយស្អុយ ពេញបន្ទុក។
លោក តាន់ ម៉េងឆាង ប្រធានផ្នែកពេទ្យសត្វ ក្រុងស្ទឹងសែន បានឲ្យដឹងថា កសិដ្ឋាននេះគ្មានច្បាប់អនុញាតិទេ ករណីមាន់ងាប់យ៉ាងច្រើននេះ គឺខាងក្រុមហ៊ុន និងម្ចាស់កសិដ្ឋានពុំបានរាយការណ៍មកទេ ហើយខាងក្រុមហ៊ុនមិនមានភាពទទួលខុសត្រូវ ក្នុងការកប់មាន់ដែលងាប់ បែរជានាំយកមកចោលក្នុងប្រឡាយទឹក តែលោកបានរាយការណ៍ទៅខាងពហុព្យាបាលសត្វ និងលោកប្រធានមន្ទីរកសិកម្មដែរ តាមការណែនាំរបស់លោក ហុក រិន អភិបាលក្រុងស្ទឹងសែន លោកថា បើមិនធ្វើតាមការណែនាំប្រមូលសាកសពសត្វ ជីកកប់អោយបានត្រឹមត្រូវមានសុវត្ថិភាពទេ លោកនឹងចាត់វិធានការចំពោះក្រុមហ៊ុន CPនេះ តែទោះយ៉ាងណាគេកំពុងរង់ចាំមើលថា តើអាជ្ញាធរខេត្ត និងក្រុងមានវិធានការ និងចាត់ការដូចម្តេច។
លោក ធីវ វណ្ណធី ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ លោកបានឲ្យដឹងថា ករណីនេះលោកមិនបានដឹងនោះទេ គឺទើបដឹងពេលល្ងាចថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦នេះឯង លោកនឹងចាត់ឲ្យមន្ត្រីរបស់លោកចុះ ទៅថ្ងៃស្អែក ចំណែកមាន់ដែលងាប់ត្រូវបានគេចោលទៅក្នុងប្រឡាយទឹក លោកនឹងឲ្យគេស្រង់មកវិញដើម្បីយក មកកប់ឲ្យមានសុវត្ថិភាព កុំឲ្យមានជំងឺឆ្លងដល់សត្វ និងមនុស្សបន្តទៀត ។
ប្រជាពលរដ្ឋបានសំពូមពរឲ្យ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជួយចាត់វិធានការចំពោះកសិដ្ឋាន ចិញ្ចឹមមាន់នេះ ព្រមទាំងក្រុមហ៊ុនដែលមិនទទួលខុសត្រូវ ចំពោះការប្រមូលមាន់កប់ឲ្យល្អ បែរជានាំគ្នាយក មាន់រាប់ម៉ឺនក្បាលមកចោល ក្នុងប្រឡាញទឹក ដែលធ្វើឲ្យទឹកស្អុយ ហើយប៉ះពាល់ដល់អ្នកចិញ្ចឹមទា គោ ក្របី និងមនុស្ស ដែលបានប្រើប្រាស់ទឹក នាំឲ្យឆ្លងជំងឺជាមិនខាន ៕
ដោយ៖ ប៊ុន រិទ្ធី