បុគ្គលិកខ្លះត្រូវការកិច្ចសន្យាការងារ តែអ្នកខ្លះទៀតមិនចង់បាន ដូច្នេះតើការងារមានកិច្ចសន្យានិងគ្មានកិច្ចសន្យាមួយណាប្រសើរជាងសម្រាប់ថៅកែនិងបុគ្គលិក

ចែករំលែក៖

នៅក្នុងបណ្ដាប្រទេសជឿនលឿនដែលមានក្របខ័ណ្ឌគតិយុត្តិត្រឹមត្រូវនិងគ្រប់គ្រាន់ គ្រប់​ពាណិជ្ជកម្ម​តូចធំ គ្រប់​ការងារ​ទាំងអស់​ត្រូវតែ​មានច្បាប់ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អាជីវកម្ម​មួយចំនួន​នៅ​មិនទាន់បាន​ចុះបញ្ជី​ត្រឹមត្រូវ រីឯ​ការងារ​មួយចំនួនធំ​នៅ​មិនទាន់មាន​កិច្ចសន្យា​នៅឡើយ​ទេ។

ហេតុផល​មិនមាន​កិច្ចសន្យាការងារ​ច្បាស់លាស់ ពេលខ្លះ​អាច​បណ្តាលមកពី​ចេតនា​របស់​ម្ចាស់​អាជីវកម្ម  ពីព្រោះថា ពួកគេ​មិន​ចង់ឲ្យ​មាន​ចំណង​ផ្លូវច្បាប់។ ប៉ុន្តែ​ពេលខ្លះទៀត គឺ​វា​កើតចេញពី​ចេតនា​របស់​កម្មករនិយោជិត​ទៅវិញ​ទេ ពីព្រោះ ពួកគេ​ចង់​មាន​សេរីភាព​ក្នុងការ​ផ្លាស់ប្តូរ​ការងា​រ​នៅពេលណា​ដែល​ពួកគេ​ចង់។

តើ​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ និង​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​មានគុណ​សម្បត្តិ ​និង​គុណវិបត្តិ​យ៉ាងណាខ្លះ?

សម្រាប់​អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច វា​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ។ សម្រាប់​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ គុណសម្បត្តិ​របស់​វា​នៅត្រង់ថា កម្មករនិយោជិត​ទទួលបាន​ការធានា​ការងារ​ក្នុង​រយៈពេល​កំណត់​ណាមួយ​ពីម្ចាស់​អាជីវកម្ម។ រីឯ​ចំពោះ​ម្ចាស់​អាជីវកម្ម​វិញ ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​ពង្រីក​គម្រោង​អា​ជីក​ម្ម ឬ​ប្រតិបត្តិការ​កិច្ចការ​អាជីវកម្ម​រប​ស់​ខ្លួន ពោលគឺពួកគេ​មិនមាន​ការព្រួយបារម្ភ​ថា នៅ​ថ្ងៃស្អែក សប្តាហ៍​ក្រោយ ឬ​ខែក្រោយ​បុគ្គលិក​នេះ ឬ​បុគ្គលិក​នោះ សុំ​ឈប់​ពី​ការងារឡើយ។ ទាំងអស់នេះ​គឺជា​គុណសម្បត្តិ​នៃ​ការងារ​ដែលមាន​កិច្ចសន្យា។

ប៉ុន្តែ​ការងារ​ដែលមាន​កិច្ចសន្យា​ត្រឹមត្រូវ​ក៏​បង្កប់​នូវ​គុណវិបត្តិ​របស់​វា​ដែរ។ គុណវិបត្តិ​សម្រាប់​កម្មករនិយោជិត គឺ​នៅត្រង់ថា ពួកគេ​មិនអាច​ផ្លាស់ប្តូរ​ការងារ​បាន​តា​ម​ទំនើងចិត្ត។ រីឯ​គុណវិបត្តិ​សម្រាប់​ម្ចាស់​អាជីវកម្ម​វិញ ពួកគេ​មានកា​តព្វកិច្ច​ផ្លូវច្បាប់ មានន័យថា ពួកគេ​ត្រូវគោរព​ម៉ោង​ធ្វើ​ការងារ​របស់​កម្មក​រ ពួកគេ​ត្រូវ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ទៅតាម​គោលការណ៍​កំណត់ ឬ​ពួកគេ​មិនអាច​ដេញ​បុគ្គលិក​ចេញ​តាម​អំណាច​ផ្លូវចិត្តនោះឡើយ។

ងាក​មក​ឆ្លើយ​ទៅនឹង​សំណួរ​ដែល​សួរថា តើ​ការងារ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​ផ្តល់​គុណសម្បត្តិ ​និង​គុណវិបត្តិ​យ៉ាងណា​នោះ? អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​ដដែល​បាន​ធ្វើអត្ថាធិប្បាយ​ថា បញ្ហា​នេះ​ផ្តល់​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​ដល់​កម្មករនិយោជិត​និងម្ចាស់​អាជីវកម្ម។ ការងារ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​មានគុណ​សម្បត្តិ​សម្រាប់​កម្មករនិយោជិតនៅត្រង់ថា ពួកគេ​អាច​ផ្លាស់ប្តូរ​ការងារ​បាន​យ៉ាង​ស្រួល​ដោយ​មិនមាន​ចំណង​អ្វី​ទាំងអស់។ ចំពោះ​ថៅកែ​អាជីវកម្ម​វិញ ពួកគេ​គ្មាន​ចំណង​ផ្លូវច្បាប់។ ប៉ុន្តែ​ចំពោះ​គុណវិបត្តិ​វិញ កម្មករនិយោជិត​ប្រឈម​នឹង​ការងារ​មិន​ទៀងទាត់ ប្រឈម​នឹង​ការបណ្តេញចេញ​ដោយ​គ្មាន​ហេតុផល។

សរុបសេចក្តី​មក បើទោះបីជា​ការងារ​គ្មាន​កិច្ចសន្យា​ផ្តល់​អត្ថប្រយោជន៍​ខ្លះ​ដល់​ថៅកែ​មែន​ក៏ដោយ​ក្តី ក៏​ការងារ​ប្រភេទ​នេះ​ធ្វើឱ្យថៅកែ​ឈឺក្បាល​មិនតិច​ឡើយ។ ឈឺក្បាល ពីព្រោះថា ការផ្លាស់ប្តូរ​បុគ្គលិក​ញឹកញាប់​រំខាន​ដល់​ចង្វាក់​ផលិតកម្ម​ឬ​គម្រោងពង្រីក​អាជីវកម្ម។

នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ពេលវេលា​ដែល​ថៅកែ​ឈឺក្បាល​ខ្លាំង​រឿង​កម្លាំង​ពលកម្ម​នោះ​គឺ​នៅពេល​ដែលមាន ពិធីបុណ្យធំៗរបស់​ខ្មែរម្តងៗ ដូចជា រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ រដូវ​បុណ្យ​អំុ​ទូក​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាដើម។ នៅក្នុង​ឱកាស​បុណ្យធំៗទាំងនេះ កម្មករនិយោជិត​ភាគច្រើន​ដែល​ធ្វើការ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ ត្រូវ​ផ្លាស់ប្តូរ​ការងារ។

ជាការ​កត់សម្គាល់ ការផ្លាស់ប្តូរ​ការងារ​របស់​ពួកគេ​អាច​បណ្តាលមកពី​ប្រាក់ខែ​តិច អាច​បណ្តាលមកពី​បរិយាកាស​ការងារ​មិនល្អ អាច​បណ្តាលមកពី​ការគ្រប់គ្រង​មិនល្អ​ឬអាច​បណ្តាលមកពី​ការចង់​ផ្លាស់ប្តូរ​ការងារ​ដើម្បី​ទទួលបាន​បទពិសោធ​ន៍ថ្មី។ ប៉ុន្តែ​បើទោះជា​ក្នុង​ហេតុផល​ណាក៏ដោយ ក៏​ថៅកែ​ឈឺក្បាល​ដែរ ហើយ​នេះ​គឺជា​បច្ច័យ​នៃ​ការងារ​ដែល​គ្មាន​កិច្ចសន្យា​ច្បាស់លាស់៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print