អន្តរជាតិ៖ តាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរដកស្រង់ពីអាជ្ញាធរសុខាភិបាលចិន បាននិយាយថា នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ទី២៣ខែមិថុនា ឆ្នាំ២០២០នេះ ។
គណៈកម្មការសុខាភិបាលជាតិចិន បានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៣ករណីខាងលើនេះ គឺត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។ ចំណែកឯ ០៩ករណីទៀត ដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ (Gansu) ចំនួន ០៧ករណី ខណៈ ០២ករណីទៀតនៅខេត្តជាំងស៊ូ (Jiangsu) និងខេត្តសានស៊ី (Shaanxi) ចំនួនមួយករណីម្នាក់។
សូមជម្រាបថា អាជ្ញាធរសុខាភិបាលចិន បានគូសបញ្ជាក់ថា ខ្លួនក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤២៥នាក់។
គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ចិនមានករណីឆ្លង COVID-19 សុរប ៨៣,៤១៨ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ៕ដោយ៖ស តារា