ខេត្តកណ្ដាល៖ បុរសម្នាក់ជាគ្រូបង្រៀនដែលចាប់នារីវ័យ១៧ឆ្នាំយកទៅរំលោភសេពសន្ថវៈនៅសាលាឆទៀនមិនបានសម្រេចនោះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ដកណ្ដាលនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ”ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
គួររំឮកថា កាលពីវេលាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យជាគ្រូបង្រៀនខាងលើនេះ និងបក្ខពួកម្នាក់ទៀតមានអាការស្រវឹងស្រាជោកជាំ ហើយបានធ្វើសកម្មភាពចាប់នារីរងគ្រោះវាយមួយដៃលើកដាក់លើម៉ូតូដឹកយកទៅធ្វើសកម្មភាពប៉ុនប៉ងរំលោភនៅត្រង់ចំណុចសាលាឆទាន មួយកន្លែងស្ថិតក្នុងភូមិត្បួងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាលតែមិនបានសម្រេច ។
ជនសង្ស័យមានឈ្មោះ ភី ភិរុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៃសាលាបឋមសិក្សាត្បួងដំរី មានទីលំនៅភូមិត្បូងដំរី ឃុំត្បូងដំរី ស្រុកខ្សាច់កណ្ដាល ត្រូវបានសមត្ថកិច្ចនគរបាលយុត្ដិធម៌ស្រុកឃាត់ខ្លួនកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៣ ខែឆ្នាំដដែលតាមពាក្យបណ្ដឹងនារីរងគ្រោះឈ្មោះ ជ.សហ អាយុ១៧ឆ្នាំ មុខរបរកសិករ ទីលំនៅ ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ។ ដោយឡែកជនសង្ស័យម្នាក់ទៀតពុំត្រូវបានឃាត់ខ្លួននោះទេ ដោយសាជនសង្ស័យដឹងខ្លួនរត់ចេញពីមូលដ្ឋាន ។
គួរំឮកទៀតថា កាលពីវេលាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នារីរងគ្រោះនិងប្អូនជីដូនមួយបាននៅអង្គុយហូបប្រហិតជានជាមួយមិត្ដភក្ដិម្នាក់ទៀតនៅសាលាឆទៀនខាងមុខវត្ដត្បួងដំរី ។ ពេលកំពង់អង្គុយស្រាប់ជនសង្ស័យខាងលើនេះនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូមកវាយក្បាលមិត្ដភក្ដិនារីរងគ្រោះមួយដៃ ហើយក៏បានបន្ថែមល្បឿនម៉ូតូជិះគេចបាត់ទៅ ។ លុះមួយសន្ទុះក្រោយមកបានជិះម៉ូតូត្រឡប់មកវិញវាយមិត្ដភក្ដិនារីរងគ្រោះចំនួនពីរដៃទៀត ធ្វើអោយប្អូនជីដូនមួយ និងមិត្ដភក្ដិនារីរងគ្រោះភ័យស្លន់ស្លោរត់គេចខ្លួនបាត់ទៅ ឱកាសល្អជនសង្ស័យទាំងពីរនាក់បានចាប់នារីរងគ្រោះវាយមួយដៃអូសឡើងលើម៉ូតូ ជិះឆ្ពោះទៅសាលាឆទៀនក្នុងភូមិត្បួងដំរី ឃុំកំពង់ចម្លង ដែលជាកន្លែងស្ងាត់រួចធ្វើសកម្មភាពចាប់ស្រាតខោនារីរងគ្រោះចេញពីខ្លួនបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្បួងដំរីចុះអន្ដរាគមន៏ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូគេចខ្លួនបាត់ទៅ ។
លុះព្រឹកឡើងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលជំនាញយុត្ដិធម៌ស្រុកបានចុះធ្វើការស្រាវជ្រាវតាមពាក្យបណ្ដឹងនារីរងគ្រោះឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ពីមូលដ្ឋាន ៕
ដោយ៖ ស្អាងជ័យ