ភ្នំពេញ៖ យ៉ាងហោចណាស់ក្មេងស្រីចំនួន២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងក្មេងប្រុសម្នាក់ទៀត រួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីពួកគេនាំគ្នាចុះទៅលេងទឹកស្រះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ទី១–ឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។ និងទី២-ឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៣នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ក្នុងនោះក្មេងស្រីពីរនាក់ និងក្មេងប្រុសម្នាក់ បាននាំគ្នាទៅស្រែដែលនៅក្បែរស្រះទឹកខាងលើ រួចដល់ពេលថ្ងៃបាននាំគ្នាត្រឡប់មកផ្ទះវិញ តែពេលមកដល់ចំណុចស្រះទឹកខាងលើ ក៏បាននាំគ្នាចុះងូតទឹកស្រាប់តែរអិលជើងធ្លាក់ទឹក ដោយគ្មានអ្នកឃើញក៏លិចលង់ក្មេងស្រីទាំង២នាក់តែម្តង ។ ចំណែកក្មេងប្រុសម្នាក់ទៀតឃើញដូច្នេះក៏រត់ឡើងគោកវិញរត់ទៅប្រាប់អ្នកផ្ទះនាំគ្នាផ្អើលឆោឡោរត់ទៅស្រង់រួចដឹកយកទៅសង្រ្គោះភ្លាមៗដែរ តែអកុសលក្មេងស្រីទាំង២នាក់ បានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យសពជាក់ស្តែង និងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សុខាសែនជ័យ