អន្តរជាតិ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក អេជីស (Aegis) នៅឯទីតាំងចំនួន ០២ នៅក្នុងប្រទេសជប៉ុន ។
លោក រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ទៀតថា ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃពុធម្សិលមិញ។ លោក តារ៉ូ កូណូក៏បានការប្រកាសរួចហើយដែរ កាលពីសប្ដាហ៍មុនថា ការដាក់ប្រព័ន្ធមីស៊ីល Aegis នៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ (Yamaguchi) និងខេត្ត អាគិតា (Akita) អាចនឹងត្រូវបានលុបចោល ដោយសារបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ខណៈជប៉ុនកំពុងផ្ដោតលើ ការដោះស្រាយវិបត្តិ COVID-19។
គួរបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តថា នឹងដាកពង្រាយប្រព័ន្ធមីស៊ីល Aegis ចំនួនពីរដែលផលិតដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសគឺការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលព្រួយបារម្ភពីការរំខានដល់ការរស់នៅរបស់ពួកគេ នៅពេលប្រព័ន្ធមីស៊ីលនេះត្រូវបានដំឡើង៕ដោយ៖ស តារា