ភ្នំពេញ៖ បុរសជនជាតិអ៊ីស្លាមម្នាក់អ៊ុំទូកដាក់មងបណ្តែតទឹកជាមួយកូនស្រី២នាក់ហើយក៏ជាប់កាំភ្លើងខ្លី១ដើម បានយកទៅគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ហើយត្រូវប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តងហេតុការណ៍ចាប់ខ្លួន កាលពីម៉ោង១រំលងអាធ្រាត្រនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខមាត់ទន្លេសាប ផ្លូវទន្លេសាប ក្រុមទី២ ភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា។
ជនសង្ស័យឈ្មោះ សេន អួន ហៅ ឡេង បានឲ្យដឹងដា នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦យប់ ខ្លួនហើយនឹងកូនស្រីចំនួន២នាក់ បានចេញទូកទៅនេសាទត្រីនៅតាមដងទន្លេមេគង្គ ដោយបានប្រើឧបករណ៍មងបណ្តែត ។ ពេលទូកបណ្តែតមងមកដល់ម្តុំមុខបន្ទាយកងទ័ពជើងទឹកជ្រោយចង្វា នៅម៉ោង៨យប់ ខ្លួន នឹងកូនស្រីបាននាំគ្នាស្រាវមងចេញពីទឹកដាក់លើទូក ដើម្បីចាប់ត្រី ពេលនោះ ស្រាប់តែបានឃើញអាវុធខ្លីម៉ាក K៥៩ច្រេះសីុ ពេលឃើញដូចនោះ ជនសង្ស័យក៏បានយកអាវុធខ្លីនោះមកលាងសំអាតទឹក ។ លុះដល់វេលាម៉ោង ១១យប់ ជនសង្ស័យក៏បានយកអាវុធខ្លីដែលទើបនឹងលាងសំអាតរួច យកមកសៀតនឹងចង្កេះ ដើម្បីដើរគម្រាមទារប្រាក់ពីប្រជាពលរដ្ឋ ដែលមកអង្គុយលេងនៅលើបង់នៅតាមសួនច្បារមាត់ទន្លេសាប ដោយជនសង្ស័យបានទារប្រាក់ពីពួកគាត់ក្នុងម្នាក់ ៥០០៛ ទៅ ២០០០៛ អស់ជាច្រើននាក់ រហូតដល់ម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែឆ្នាំដដែល ជនសង្ស័យបានដើរទារប្រាក់ពីប្រជាពលរដ្ឋបាន ១០០០០៛ បម្រុងនឹងដើរចូលទៅកន្លែងស្នាក់នៅរបស់គេវិញ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាចុះបង្ក្រាប និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង៕
...
ដោយ៖ ជ្រោយពេជ្រ