ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូឌុបម្នាក់មានជំងឺសន្លាក់ប្រចាំកាយជាច្រើនឆ្នាំមកហើយ បានខ្យល់គរដេកស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះទូច រ៉ាម៉េត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានជំងឺសន្លាក់ប្រចាំកាយរយ:ពេលពេលជាច្រើនឆ្នាំកន្លងមកហើយ។សព្វថ្ងៃរូបគាត់ប្រកបមុខរបររត់ម៉ូតូឌុបបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកនិងមានជីវភាពខ្វះខាតគ្មានលុយកាក់គ្រប់គ្រាន់ទៅព្យាបាលជំងឺនោះទេ គឺខំប្រឹងត្រដររត់ម៉ូតូឌុបទាំងខ្លួនឈឺទៀតផង។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានត្អូញត្អែរប្រាប់អ្នកជិតខាងថាមិនស្រួលខ្លួន។ បន្ទាប់មកអ្នកជិតខាងក៏បានខលប្រាប់ប្រពន្ធដែលកំពុងធ្វើការនៅរោងចក្រឲ្យចុះមកមើលប្ដី លុះពេលប្រពន្ធបានមកដល់ បានជួយកោសខ្យល់ប្តីសព្វគ្រប់រួចរាល់ហើយ ប្រពន្ធប្រាប់ប្តីថាត្រឡប់ទៅធ្វើការវិញហើយ។លុះដល់ម៉ោងកើតហេតុប្រពន្ធបានចេញមកពីធ្វើការក៏ឃើញប្ដីដេកស្លាប់រឹងខ្លួនទៅហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនរស់នៅក្បែរខាងនាំគ្នាលើកសពមកតម្កល់ទុកនៅដីឡូត៍មួយកន្លែងងាយស្រួលរថយន្តចូលមកដឹកសពជនរងគ្រោះដោយសារផ្ទះកើតហេតុផ្លូវចង្អៀតពិបាករថយន្តចេញចូល។ បន្ទាប់មកនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យលើសពជនរងគ្រោះរួចបានប្រាប់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារជំងឺខ្យល់គរពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយសុខាសែនជ័យ