ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួនខណៈធ្វើសកម្មភាពចែកចាយថ្នាំញៀន។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នៅវេលាម៉ោង១៥ និង៣០នាទីនៅចំណុចភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ រស្មី ពន្លឺ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិព្រៃក្ដួច ឃុំភ្នំតូច ស្រុកឧដុង្គ និងគូកនម្នាក់ទៀតឈ្មោះ ស្រេង នាង ភេទប្រុស អាយុ២២ឆ្នាំនៅភូមិឃុំជាមួយគ្នា។
លោកវរសេនីយ៍ត្រី ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានអោយដឹងថា មុនពេលបង្ក្រាបរូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះល្បាតក្នុងភុមិសាស្រ្តខាងលើ។
លោកអធិការបន្តថា ក្នុងពេលល្បាតកម្លាំងលោកបានប្រទះឃើញជនសង្សយ័ចំនួន២នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៣ កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនតាមផ្លូវលំក្នុងភូមិក៏ធ្វើការឃាត់ខ្លួនតែម្តង។ ក្នុងការឃាត់ខ្លួននោះកម្លាំងរបស់លោកដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃចាស់ចំនួន២គ្រឿង។
លោកអធិការបានអោយដឹងទៀតថា ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីជំនាញចាត់ការបន្ត៕
ដោយ៖ សេនាស័ក្តិ