ភ្នំពេញ៖ក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៉ុណ្ណារិទ្ធ ចៅនៅព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចឃុំខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារបណ្តោះអាសន្ន ចោទប្រកាន់ចំនួន៤បទល្មេីស ពាក់ព័ន្ធករណីរំលោភដី១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គម Telegram ថា លោក សេង សុវណ្ណារ៉ា ត្រូវបានចោទប្រកាន់ចំនួន៤បទល្មេីស គឺ បទឆបោកមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធគ្មានលិខិតអនុញ្ញាត បទសំឡុតកុំអោយមានការប្តឹងផ្តល់ និង បទរំលោភទ្រព្យសម្បត្តិសាធារណៈ ។
លោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។
គួររំលឹកថា លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិ
អន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕
ដោយ៖ ចេស្តា