ហ្វីលីពីននិងវៀតណាមបារម្ភពីការកើនឡើងបញ្ហាអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

អាស៊ាន៖ រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ បានសម្ដែងក្តីព្រួយបារម្ភដូចគ្នាពីការកើនឡើងបញ្ហាអសន្តិសុខនៅក្នុងតំបន់ ជាពិសេស​នៅ​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​មើលឃើញថា ភាគី​ពាក់ព័ន្ធ​ខ្លះបាន​បង្កើន​សកម្មភាព​បំពាន ខណៈនៅក្នុងតំបន់ និង​ពិភពលោកកំពុងតែ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​រាតត្បាត Covid-19​។​

​យោងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃ២៦ មិថុនា លោក​ប្រធានាធិបតី​ហ្វីុលីពីន  Rodrigo Duterte បានលើកឡើង​ក្នុង​អង្គប្រជុំថា ទោះបី​តំបន់​អាស៊ីអាគ្នេយ៍​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ក៏ដោយ ក៏ការប៉ះទង្គិច​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូងបានបន្ត​កើតឡើង ដែល​បង្កដោយ​ភាគី​ខ្លះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។​

​ខណៈ​មិន​បញ្ជាក់​ចំឈ្មោះ​ភាគីឬ​ប្រទេស ដែល​នៅ​បន្តសកម្មភាព​បំពាន​នោះ លោក​ប្រធានាធិបតី​ហ្វីុលីពីន​រូបនេះ តាមរយៈ​វេទិកា​ក្នុង​តំបន់ បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​រឹតត្បិត​សកម្មភាព​របស់ខ្លួនដើម្បី​ធានា​ពី​ការការពារ និង​ទប់ស្កាត់​ភាព​តានតឹង ក៏ដូចជា​បង្ហាញ​ពី​ការទទួលខុសត្រូវ​ក្រោម​ច្បាប់​អន្តរជាតិ​ផង​។​

​ស្រដៀង​គ្នា​នេះដែរ ក្នុង​វេទិកា​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានកត់សម្គាល់​ផងដែរ​ថា ទាំង​ច្បាប់និង​ស្ថាប័ន​អន្តរជាតិ បាន​រង​នូវ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​អំឡុងពេលនៃ​ការ​ផ្ទុះឡើ់ង​វិបត្តិ​សាកល​នេះ​។ លោក សំដៅលើ​បណ្តា​ប្រ​ទស​មួយចំនួនបាន​ឆ្លៀតឱកាស​នេះដើម្បី​ធ្វើ​សកម្មភាព​ឯកតោភាគី​សម្រាប់បម្រើ​ផលប្រយោជន៍​របស់ខ្លួន​។

​ជា​ប្រធាន​វិលជុំ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី ព្យាយាម​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា​ឡើយ ដោយ​លោករំលេច​ថា មាន​សកម្មភាព​បង្ករឿងនិង​បំពាន​ច្បាប់​អន្តរជាតិ​ជាច្រើន​ករណីបានកើត​ឡើង និង​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ ស្ថិរភាព​នៅ​តំបន់​មួយចំនួនរាប់បញ្ចូល​ទាំង​អាស៊ីអាគ្នេយ៍​។​

​គួរ​រម្លឹក​ផងដែរ​ថា កាលពីខែមេសា​កន្លងទៅ ទាំង​ហ្វីុលីពីន និង​វៀតណាម បានដាក់​ពាក្យបណ្តឹងតវ៉ា​ទៅកាន់​ចិន បន្ទាប់ពី​ចិនបានប្រកាស​ដោយ​ឯកតោភាគី​ក្នុងការ​បង្កើត​តំបន់​រដ្ឋបាល​ថ្មី​នៅក្នុង​ប្រជុំ​កោះដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីុលីពីន និង​វៀតណាម បានទាមទារ​ជា​តំបន់​កម្មសិទ្ធិ​របស់ខ្លួន​ផងដែរ​នោះ​។​

​ជាមួយគ្នានេះ នៅ​ដើមខែ​មិថុនា​នេះ រដ្ឋាភិបាល​អាមេរិក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ពី​សកម្មភាព​គឃ្លើន​រប​ស់​ចិននៅ​តំបន់​មាន​វិវាទ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ខ្លួន​។ អាមេរិកបាន​ចោទ​ចិនថា ស្រប​ពេលដែល​ពិភពលោក​កំពុងតែ​ជួប​ផល​លំបាក​នៃ​ការប្រយុទ្ធប្រឆាំង​វីរុស Covid-19 ចិនបាន​ឆ្លៀត​ធ្វើ​សកម្មភាព​ឯកតោភាគី​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​(​តំបន់​វិវាទ​ជាមួយនឹង​រដ្ឋ​អាស៊ាន​) និង​សមុទ្រ​ចិន​ខាងកើត (​តំបន់​វិវាទ​ជាមួយនឹង​ជប៉ុន​)៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print