កោះកុង៖ នៅក្នុងប្រទេសយើង មានកន្លែងកម្សាន្តនានានៅក្នុងប្រទេសគឺតែងតែមានប្រភពដើមកំណើត និងប្រវត្តិនៃទីកន្លែងមួយនោះមិនថានៅតាមបណ្តាខេត្ត ឫក៏នៅក្នុងទីក្រុងភ្នំពេញនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ កន្លែងកម្សាន្តនានា ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។
ជាក់ស្តែងរឿងបុរាណមួយ ដែលមានតាំងតែពីយូរលង់ណាស់មកហើយ ដែលមើលទៅគឺអស្ចារ្យបំផុត ដោយកន្លែងនោះគឺគេតែងតែហៅថា«អណ្តូងស្តេច» ដោយកន្លែងមួយនេះពិតជាប្លែក ប្រិយមិត្តទាំងអស់គ្នាសឹងតែមិននឹកស្មានមិនដល់នោះទេ នៅពេលដែលបានដឹងរឿងរ៉ាវខ្លះៗដែលទាក់ទងនឹងរឿងអណ្តូងដ៏អស្ចារ្យ និងចម្លែកមួយនេះ។ ដោយចំណុចពិសេសដែលទាក់ទាញនោះ គឺរឿងរ៉ាវ និងប្រវត្តិខ្លះៗមុននឹងកកើតបានអណ្តូងនេះឡើង ដែលគេតែងហៅថាអណ្តូងស្តេចនោះ យើងនឹងប្រាប់ពីប្រវត្តិខ្លះៗដែលទាក់ទងនឹងអណ្តូងនេះនៅលើទឹកដី កោះស្តេចនៅខេត្តកោះកុង ដែលជាខេត្តដែលសម្បូរកោះជាងគេ ជាងខេត្តដទៃ។
យោងតាមសម្តីអ្នករស់នៅលើកោះនោះ បាននិយាយថា កោះស្ដេចមួយនេះមានអណ្ដូងបុរាណមួយ ហៅថាអណ្ដូងអ្នកត្រង់ «អ្នកសច្ចំ» ដែលមុននឹងកើតជាអណ្តូងនេះឡើង ក៏មានប្រវត្តិថា កាលពីដើមឡើយមានស្ដេច ១ ព្រះអង្គ ទ្រង់បានយាងមកកាន់កោះមួយនេះ ដោយមានព្រះរាជបរិពារ តាមដង្ហែអមជាច្រើនផង ដោយនៅទីនេះ ជុំវិញមានតែទឹកសមុទ្រ ដែលមានរសជាតិប្រៃ និងមិនមានទឹកសាបសោយពុំបានទើបព្រះអង្គទ្រង់អធិដ្ឋាន ហើយយកព្រះខាន់ជីកដីនៅកន្លែងនេះធ្វើជាអណ្ដូង ទឹកសាបក៏ចេញមក និងព្រះរាជបរិពារក៏បានសោយឆ្អែត ។ដំណើរតមក អណ្ដូងនោះក៏រឹងទៅជាថ្ម ហើយក៏គេបានហៅតៗគ្នាថា «អណ្តូងស្តេច» នេះ។
តែអ្វីដែលកាន់តែចម្លែក និងពិសេសនោះគឺ មកទល់នឹងបច្ចុប្បន្ន នៅជុំវិញអណ្តូងមួយនេះគឺមានតែទឹកប្រៃប៉ុណ្ណោះ ក៏ប៉ុន្តែទឹកនៅក្នុងអណ្តូងនេះបែរជាមានទឹកសាប ដែលវាពិតជាប្លែក និងមិនគួរឲ្យជឿទាល់តែសោះ លើសពីនេះទៅទៀត ទោះបីជាមានរលក វាយបក់ ទឹកសមុទ្រចូលនៅក្នុងអណ្តូងមួយនេះក្តី ក៏ទឹកនៅក្នុងអណ្តូងនៅតែសាបដដែល។
លើសពីនេះទៅទៀតនោះគឺ អណ្តូងមួយនេះ មិនចេះរីងស្ងួតទាល់តែសោះ ទោះបីជាមានគេបូមយកទៅប្រើប្រាស់ច្រើនយ៉ាងណាក្តី។ជាពិសេស នៅពេលមើលពីខាងលើ ហាក់ដូចជា ឃើញតែទឹកបន្តិចតែប៉ុណ្ណោះ តែសម្រាប់ទំហំអណ្ដូងនេះគឺទទឹងមាត់ប្រហែល ៤០សង់ទីម៉ែត្រ ជម្រៅប្រហែល ៥០ សង់ ទីម៉ែត្រ និងមានទឹកចេញច្រើនជាប្រចាំ ហើយជាទឹកសាបបែបនេះ ដែលទាំងនេះ អាចនិយាយបានថា ជារឿងចម្លែក និងមិនចង់ជឿទាល់តែសោះ។
បច្ចុប្បន្ននេះដែរ នៅក្បែរអណ្តូងមួយនេះក៏មានផ្ទះប្រជាជនរស់នៅប៉ុន្មានគ្រួសារប៉ុណ្ណោះ ដោយគ្រួសារខ្លះក៏បូមទឹកមួយនេះ យកទៅប្រើប្រាស់ជាប្រចាំដែរ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ទឹកដែលពួកគេ បានយកចេញពីអណ្តូង គឺលក្ខណៈទឹកថ្លាស្អាត ហើយពេលពួកគេ យកទៅងូត មិនមានបញ្ហា ឬប្រតិកម្មស្បែកអ្វីនោះទេ បើទោះបីជា អណ្តូងនោះ មានទឹកយូរឆ្នាំក៏ដោយ។
បើប្រៀបធៀបទៅនឹងអណ្តូងធម្មតាវិញ បើជាទុកយូរ វានិងប្រែជារីងស្ងួត រីឯទឹកវិញប្រែជាខ្មៅ មានសត្វល្អិតផ្សេងៗ តែសម្រាប់អណ្តូងមួយនេះពិតជាប្លែកជាងគេត្រង់ចំណុចនេះ ព្រោះមានទឹកចេញជារៀងរហូត ទោះមានអាយុច្រើនឆ្នាំក្តី។ មានតែអ្នកដែលរស់នៅទីនោះប៉ុណ្ណោះដែលដឹងពីប្រវត្តិ ក៏ដូចជារឿងចម្លែករបស់អណ្តូងមួយនេះ ប្រសិនបើអ្នកនៅកន្លែងផ្សេងក្រៅពីនេះ ប្រាកដជាមិនដឹងថាមានអណ្តូងបែបនេះនៅប្រទេសយើងនោះទេ។
សូមជម្រាបថា មុននឹងទៅដល់អណ្តូងស្តេចមួយនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែជិះកាណូតដើម្បីមកកាន់ទឹកដីកោះស្តេចសិន នៅពេលដែលទៅដល់ទីនោះហើយ ក៏មានគ្រួសារ និងអ្នកអាជីវកម្មមួយចំនួន មានការលក់ដូរជាច្រើននៅតាមផ្ទះផងដែរ ។ ហើយអ្វីដែលប្លែកភ្នែកនោះយើងនឹងឃើញនូវទេសភាពនៅជុំវិញខ្លួន សុទ្ធតែជាទឹកសមុទ្រយ៉ាងខៀវព័ន្ធជុំវិញមើលទៅគ្មានប្រភពទឹកសាបប្រើប្រាស់នោះទេ ។ ប៉ុន្តែអ្វីដែលយើងគិតថាអស្ចារ្យនោះ គឺវាមានទឹកអណ្តូងមួយមានទឹកសាបទៅវិញ ហេតុនេះហើយទើបមានការងឿងឆ្ងល់រហូតដល់បច្ចុប្បន្ននេះ៕ដោយ៖សហការី