ប្រវត្តិ៖ អ្នកតាជំទាវម៉ៅ

ចែករំលែក៖

នៅ​ក្នុង​សង្កាត់​ចក្រី​ទីង ខេត្ត​កំពត ប្រប​នឹង​មាត់​ផ្លូវ​ថ្នល់​ជាតិ​លេខ ៣ នៅ​ត្រង់​របត់​ភ្នំ​ទ្វារ ដែល​ជា​ផ្លូវ​ចូល​ទៅ​ក្រុង​កំពត មាន​អ្នក​តាមួយឈ្មោះអ្នកតា “ជំទាវ ម៉ៅ” ។ កាល​ពី​ជំនាន់​ដើម អ្នក​តា​នេះ​មាន​ត្រឹម​តែ​ខ្ទម​តូច ធ្វើ​ដោយ​ឈើ​ប្រក់​ក្បឿង ។ ក្នុង​ខ្ទម​នោះ មាន​រូប​សំណាក​ដោយ​ដុំ​ថ្ម​សុទ្ធ​សាធ ។ លុះ​មក​ដល់​ក្នុង​ឆ្នាំ ១៩៦៦ មាន​ជន​ជាតិ​ចិន​ម្នាក់ (មិន​ស្គាល់​ឈ្មោះ) បាន​មក​ធ្វើ​ផ្ទះ​ថ្ម ប្រក់​ស័ង្កសី​យ៉ាង​ស្អាត​អ្នក​តា​នោះ ប៉ុន្តែ​មិន​ទាន់​ហើយ​ស្រេច​នៅ​ឡើយ​ទេ ។ ផ្ទះ​នេះ​មាន​ទំហំ​ប្រមាណ ៣ម. បួន​ជ្រុង​ស្មើ ហើយ​គេ​ធ្វើ​ចុះ​ទៅ​ខាង​ក្រោម ក្រោយ​ខ្ទម​ចាស់​បន្តិច ។ ហេតុ​ដែល​បាន​ជា​ចិន​នោះ​មក​ធ្វើ​ខ្ទម​ថ្ម​ថ្វាយ​ដូច្នេះ ព្រោះ​គេ​បាន​អ្នក​បន់​អ្នក​តា​ជំទាវ​ម៉ៅ នេះ​ថា សុំ​ឲ្យ​ត្រូវ​ឆ្នោត លុះ​បន់​រួច​គេ​បាន​ត្រូវ​ឆ្នោត​ដូច​ប្រាថ្នា​មែន​។
អំពី​ឥទ្ធិពល
អ្នក​តា​ជំទាវ ម៉ៅ នេះ មាន​ឥទ្ធិពល​លើ​អ្នក​ស្រុក​ភូមិ​ណាស់ ។ កាល​ពី​រវាង​ឆ្នាំ ១៨៦៦ រៀង​រហូត​មក​ដល់​ឆ្នាំ ១៩៤៤ អ្នក​តា​នេះ​សាហាវ​ណាស់ ហើយ​រឹង​ត្អឹង​ខ្លាំង​ណាស់​ផង គឺ​ថា​បើ​មនុស្ស​ទាំង​ឡាយ​ណា​ដើរ​ទៅ​មក​តាម​ផ្លូវ​ទ្វារ​កំពត​នោះ ហើយ​មិន​បាន​បែរ​បន់ សុំ​សេចក្ដី​សុខ​សប្បាយ​ទេ ឬ​មិន​បាន​ថ្វាយ​នេះ​ថ្វាយ​នោះ​ទេ ឬ​ប្រព្រឹត្ត​ចោរ​កម្ម​ផ្សេង​ៗ​នោះ នឹង​ត្រូវ​អ្នក​តា​នេះ​តាម​ធ្វើ ឲ្យ​ឈឺ​រង្គំ​រង្គាល បើ​រក​មុខ​អ្នក​ធ្វើ​មិន​ឃើញ អ្នក​នោះ​ឯង​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មិន​ខាន ។ ប៉ុន្តែ​បើ​ដឹង​ថា​ខុស​នឹង​អ្នក​តា ហើយ​បាន​ទៅ​បែរ​បន់​លន់​តួ​សុំ​ទោស នឹង​ត្រូវ​បាន​ជា​វិញ​​ក៏​មាន ហើយ​បើ​កំហុស​នោះ​ធ្ងន់​ពេក មាន​កាល​ក៏​មិន​បាន​ជា​វិញ​ក៏​មាន​ដែរ ។ ម៉្យាង​ទៀត​បើ​អ្នក​ណា មាន​គំនុំ​នឹង​អ្នក​ណា​ម្នាក់​ទៀត ដោយ​មាន​ការ​ទាស់​ទែង​ទែង​ខ្វែង​គំនិត​គ្នា​ពី​ពេល​មុន​មក ហើយ​ទៅ​បែរ​បន់​ថា សុំ​ឲ្យ​លោក​អ្នក​តា​ជំទាវ ម៉ៅ ជួយ​យក​អាសា​ខ្ញុំ​ផង សូម​ឲ្យ​ទៅ​កាច់​ឈ្មោះ​នេះ ឈ្មោះ​នោះ​ឲ្យ​វា​ស្លាប់​ទៅ ព្រោះ​វា​ជេរ​ខ្ញុំ-វាយ​ខ្ញុំ ឬ​លួច​របស់​ទ្រព្យ​ខ្ញុំ​ជា​ដើម បើ​បាន​ស្រេច​ការ​ហើយ​កាល​ណា ខ្ញុំ​នឹង​ថ្វាយ​នេះ​ថ្វាយ​នោះ មាន​ថ្វាយ​មាន់​ស្ងោរ​ជា​ដើម តែ​ប៉ុណ្ណោះ អ្នក​តា​នោះ​ក៏​ទៅ​កាច់ ធ្វើ​ឲ្យ​ឈឺ​រហូត​ដល់​ស្លាប់​ក៏​មាន ។

ដោយ​ហេតុ​តែ​កាច​សាហាវ​យ៉ាង​នេះ​ហើយ ទើប​បារាំងសែស (ក្នុង​សម័យ​អាណា​និគម​បារាំង​រវាង​ឆ្នាំ ១៩០០ ប្លាយ) បាន​ទៅ​បាញ់​អ្នក​តា​នោះ​ម្ដង ។ តាំង​ពី​ពេល​នោះ​មក អ្នក​តា​នេះក៏ថយអានុភាពបន្តិច ។

ប្រមាណ​ជា​ក្នុង​ឆ្នាំ ១៩៤០ ជំនាន់​ជប៉ុន​ចូល​មក​ស្រុក​យើង ហើយ​កេណ្ឌ​ប្រជា​ពល​រដ្ឋ​ចំណុះ​ខែត្រ​កំពត ឲ្យ​ទៅ​ជីក​លេណដ្ឋាន នៅ​ត្រង់​ថ្នល់​បត់​ភ្នំ​ទ្វារ​កំពត​នោះ អ្នក​តា​នេះ​ខឹង​មនុស្ស​ទៅ​ជិះ​ជាន់ ទៅ​បន្ទោរ​បង់​ឧច្ចារ​ដាក់​ទី​កន្លែង​គេ លុះ​ដល់​មនុស្ស​ទាំង​នោះ ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ អ្នក​តា​នេះ​តាម​ទៅ​ធ្វើ​ឲ្យ​ឈឺ ស្លាប់​អស់​ជា​ច្រើន​នាក់ ។ អ្នក​ខ្លះ​មាន​ជំងឺ​ឈឺ​តាំង​ពី​កន្លែង​កាប់​ដី​នោះ​មក ស្លាប់​អស់​ជា​ច្រើន​នាក់ ។ អ្នក​ខ្លះ​បាន​មក​ដល់​ផ្ទះ ទើប​ចាប់​មាន​ជំងឺ​ក៏​មាន ស្លាប់​រង្គាល​ចោល​ប្រពន្ធ ឲ្យ​នៅ​មេម៉ាយ​គគោក រហូត​ទាល់​តែ​បាន​នាម​ថា “មេម៉ាយ​ជំនាន់​ជប៉ុន​កេណ្ឌ” ។ ដល់​មក​សព្វ​ថ្ងៃ​នេះ​ហើយ ក៏​មេម៉ាយ​ទាំង​នោះ មាន​សល់​រស់​នៅ​ខ្លះ មិន​ទាន់​ស្លាប់​អស់​នៅ​ឡើយ ។ កាល​ឃើញ​ជាក់​ស្ដែង​យ៉ាង​នេះ​ឯង​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្រុក​ទាំង​ខ្មែរ ចិន យួន ចាម ជ្វា បាក់បប​ខ្លប​ខ្លាច​ឥត​ឧបមា ។ ម្នាក់​ៗ​ប្រសិន​បើ​មាន​ការ​ត្រូវ​ដំណើរ​ទៅ​ចំ​កន្លែង​នោះ ដោយ​ខាន​មិន​បាន ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មាន​វត្ថុ​កំដរ​ដៃ សម្រាប់​ថ្វាយ​អ្នក​តា​ជានិច្ច ពុំ​ដែល​ខាន​សោះ​ឡើយ ។ អ្នក​តា​ជំទាវ ម៉ៅ នេះ​គេ​ច្រើន​បន់:

១- ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ កុំ​ឲ្យ​មាន​ជំងឺ​តម្កាត់ ដល់​មនុស្ស​ក្នុង​ស្រុក​ភូមិ ។ ២-បើ​មាន​អ្នក​ស្រុក​ភូមិ​មាន​បាត់​ទ្រព្យ​របស់​អ្វី​ផ្សេង​ៗ គេ​ទៅ​បញ្ជាន់​អ្នក​តា​ឲ្យ​ចូល​រូប ហើយ​សួរ​រក​ទ្រព្យ​របស់​ដែល​បាត់​នោះ ឲ្យ​អ្នក​តា​ប្រាប់ ។ ការ​បញ្ជាន់​រូប​នេះ​គ្មាន​លេង​ភ្លាង​អ្វី​ទេ គឺ​គ្រាន់​តែ​អុជ​ទៀន​ធូប ហើយ​និយាយ​អំពាវ​នាវ​ហៅ​រក​អ្នក​តា ។ល។ អ្នក​តា​នោះ​ក៏​ចូល​មក​ភ្លាម ហើយ​និយាយ​ត​គ្នា​ដូច​រូប​មេមត់ ។ ៣- បើ​មាន​មនុស្ស​ឈឺ គេ​យក​រូប​ទៅ​បញ្ជាន់​នៅ​ឯ​ផ្ទះ​អ្នក​ជំងឺ ។ ក្នុង​ការ​បញ្ជាន់​នេះ មាន​ភ្លេង​ខ្មែរ​បុរាណ​គឺ ទ្រ​ខ្មែរ ប៉ី​អ ចាប៉ី ស្គរ​ដី ២ ។ ក្នុង​ពេល​ដែល​ជំទាវ ម៉ៅ ចូល​រូប​សម្នឹង​ៗ អាច​ស្ដោះ​ផ្លុំ​បណ្ដេញ​ខ្មោច​ព្រៃ​ដែល​បណ្ដាល​ឲ្យ​ឈឺ​នោះ និង​ឲ្យ​ចំណី​ហៅ​ថា “បំពោប​ក្បាល” ចំពោះ​ព្រាយ​អារក្ស​ផ្សេង​ៗ ដែល​មក​ធ្វើ​នោះ​ផង ។ ៤- ក្នុង​ពេល​បញ្ជាន់​រូប​នៅ​ផ្ទះ​អ្នក​ជំងឺ ប្រសិន​បើ​លោក​ជំទាវ ម៉ៅ ប្រកែក​ថា គេ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​នេះ​ឈឺ​ទេ​នោះ អ្នក​ផ្ទះ​អាច​សួរ​ទៅ​លោក​ជំទាវ ម៉ៅ វិញ​ថា តើ​ខ្មោច​ណា​ដែល​ធ្វើ​នេះ? តើ​ខ្មោច​នោះ​ត្រូវ​ការ​សំណែន​អ្វី? ជំទាវ ម៉ៅ មាន​ទិព្វ​ចក្ខុ អាច​មើល​ទៅ​ដឹង​ថា​ខ្មោច​នេះ ខ្មោច​នោះ​ធ្វើ គេ​ក៏​និយាយ​ប្រាប់​ទៅ​ជើង​ព្រះ2​ភ្លាម តាម​ដែល​គេ ​ដឹង ។ ជើង​ព្រះ​ក៏​និយាយ​សុំ​ឲ្យ​លោក​ជំទាវ ម៉ៅ ជួយ​អង្វរ​ករ ឬ​ជំនុំ​ជាមួយ​ខ្មោច​ព្រៃ​នោះ ឲ្យ​ជួយ​បាន​សះ​ស្បើយ​ទៅ លែង​ធ្វើ​តទៅ ។ បើ​ជំទាវ ម៉ៅ ឆ្លើយ​ប្រាប់​មក​ថា​មិន​អី​ទេ ចាំ​គេ​និយាយ​ឲ្យ​នោះ អ្នក​ជំងឺ​ក៏​មាន​សង្ឃឹម តែ​បើ​គេ​ប្រកែក​ថា គេ​មិន​អាច​នឹង​និយាយ​បាន​ទេ នោះ​អ្នក​ជំងឺ​ក៏​អស់​សង្ឃឹម ហើយ​ខំ​ស្វះ​ស្វែង​រក​គ្រូ​មើល​ជា​ថ្មី​ទៀត​ទៅ ។

ឯ​ទ្រនឹប​រូប​បញ្ជាន់​មាន ក្បាល​ជ្រូក ១ ប្រាក់ ២៥​រៀល និង​សំពត់​ស ១​អាវ3 ។ ការ​ដែល​គេ​មើល​ជំងឺ​របៀប​នេះ តាម​ខ្ញុំ​សង្កេត​ឃើញ​ៗ​ថា បាន​សម​ប្រកប​ជា​ច្រើន​ដែរ ។ ពិធី​ប្រចាំ​ឆ្នាំ រៀង​រាល់​ឆ្នាំ តែ​ដល់​ខែ​ពិសាខ (ថ្ងៃ​មិន​កំណត់) គេ​តែង​ធ្វើ​ពិធី​ឡើង​អ្នក​តា​ជំទាវ ម៉ៅ នេះ ។ ឯ​របៀប​ឡើង​អ្នក​តា​នេះ​គ្មាន​អ្វី​ច្រើន​ទេ ជិត​ដល់​ពេល​វេលា​ហើយ គេ​គ្រាន់​តែ​ទៅ​បោស​ច្រាស​សំអាត​ទី​កន្លែង និង​សម្អិត​សម្អាង​ខ្ទម​ដូច​ជា​ប្រក់​ដំបូល​ជា​ដើម ។ លុះដល់​ថ្ងៃ​កំណត់​ឡើង​អ្នក​តា គេ​រក​ភ្លេង​យក​ទៅ​លេង​ថ្វាយ ព្រម​ទាំង​សំណែន​មាន​ក្បាល​ជ្រូក ១ មាន់​ស្ងោរ ១ ស្លា​ធម៌​ដូង ១​គូ និង​បាយ​សី ៥​ថ្នាក់ ១​គូ ប៉ុណ្ណោះ ។

តាំង​ពី​អ្នក​តា​នេះ​កើត​មក មាន​រូប​សម្នឹង ៣​នាក់​ហើយ​គឺ

១- រូប​សម្នឹង​ឈ្មោះ​យាយ សៅរ៍ ប្រពន្ធ​តា​កាប៉ូរ៉ាល់​ថ្នល់​ឈ្មោះ អ៊ុង ។

២- រូប​សម្នឹង​ប្រុស​ឈ្មោះ តា ស្នង​ឡុង ត្រូវ​ជា​កូន​យាយ សៅរ៍ នឹង​តា អ៊ុង ។

៣- រូប​សម្នឹង​ប្រុស​ឈ្មោះ ឡុង ម៉ៅ ត្រូវ​ជា​កូន​តា​ស្នង ឡុង ។

រូប​សម្នឹង​ទាំង ៣​នេះ មាន​អាយុ ៥២​ឆ្នាំ​ហើយ ។ ពិធី​ឡើង​អ្នក​តា ក្នុង​សម័យ​ទី​១ ទី​២ គេ​នាំ​គ្នា​ទៅ​ធ្វើ​នៅ​មុខ​តូប​អ្នក​តា ឯ​រូប​ទី​៣ មិន​ដែល​ទៅ​ធ្វើ​ដល់​ខ្ទម​អ្នក​តា​ទេ គេ​ធ្វើ​នៅ​ផ្ទះ​របស់​គេ ព្រោះ​គាត់​មាន​ធ្វើ​ត្រួន4​នៅ​ផ្ទះ​គាត់​ៗ ហៅ​អន្ទង​អ្នក​តា​មក​តែ​ម្ដង ។ កិច្ច​ប្រារព្ធ​ពិធី​របៀប​ណេះ ឃើញ​មាន​នៅ​រៀង​រាល់​ឆ្នាំ​ពុំ​ដែល​ហ៊ាន​ខាន ។ ឯ​សំណែន​មាន​ខុស​ប្លែក​ពី​រូប​មុន​ៗ​ខ្លះ​គឺ សព្វ​ថ្ងៃ​នេះ គ្មាន​ក្បាល​ជ្រូក​និង​មាន់​ស្ងោរ​ទេ ស្លា​ធម៌​បាយ​សី​និង​ភ្លេង​ភ្លាត់​នៅ​មាន​ដដែល ។

ប្រវត្តិ​អ្នក​តា

ប្រមាណ​ជា​ក្នុង​គ. ស. ១៨១៦ កាល​ដែល​ផ្លូវ​ជាតិ​លេខ ៣ (ភ្នំពេញ -កំពត) មិន​ទាន់​មាន​នៅ​ឡើយ មាន​តែ​ផ្លូវ​រទេះ​គោ- ក្របី​ប៉ុណ្ណោះ ហើយ​ត្រង់​ទ្វារ​ភ្នំ​នេះ មាន​តែ​ព្រៃ​ជ្រៅ​ស្រោង​ស្រឹង​ស្ងាត់​ជ្រងំ ប្រកប​ដោយ​សត្វ​ព្រៃ​កាច​សាហាវ​ជា​ច្រើន​មាន ដំរី ជា​ដើម ។ ដោយ​ហេតុ​នោះ​ហើយ ទើប​មិន​សូវ​ឃើញ​មាន​មនុស្ស​ម្នា​ដើរ​ទៅ-មក ច្រើន​គគ្រឹក​គគ្រេង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ប្រសិន​បើ​ជា​មាន​មនុស្ស​ហ៊ាន​ដើរ​ទៅ​មក​ម្ដង​ៗ គេ​តែង​បាន​ជួប​ប្រទះ​នឹង​សត្វ​ព្រៃ​ជា​និច្ច​ពុំ​ដែល​ខាន ។ បើ​គាប់​ចួន​ជា​ជួប​ប្រទះ​ហើយ សត្វ​ទាំង​នោះ​តែង​ដេញ​ហាក់​ដូច​ជា​ចង់​បំផ្លាញ​ជីវិត​អាសា​បង់ ប៉ុន្តែ​ហាក់​ដូច​ជា​គ្រាន់​តែ​ដេញ​បន្លាច​ប៉ុណ្ណោះ ព្រោះ​មាន​មនុស្ស​ភាគ​ច្រើន​ដែល​គេ​តែ​រួច​ពី​មរណ​ភ័យ ។

ថ្ងៃ​មួយ ឈ្មោះ តា​ក្រហម​ក ប្រពន្ធ​ឈ្មោះ​យាយ​ម៉ៅ បាន​ធ្វើ​ដំណើរ​កាត់​ព្រៃ​នោះ (មាន​គ្នា​ប៉ុន្មាន​នាក់​មិន​ប្រាកដ) ។ ក្នុង​ពេល​នោះ ពួក​អ្នក​ដំណើរ​នេះ​ក៏​លា​កញ្ចប់​បរិភោគ នៅ​ក្បែរ​រទេះ នា​ព្រៃ​ភ្នំ​ទ្វារ ។ កំពុង​បរិភោគ ស្រាប់​តែ​ដំរី​មួយ​ហ្វូង​ចេញ​មក​ដេញ​ព្រិច ពួក​នេះ​នាំ​គ្នា​ចូល​ព្រៃ​យក​អាយុ​រៀង​ៗ​ខ្លួន ។ ចំណែក​យាយ ម៉ៅ គាត់​រត់​ៗ ទៅ​ៗ​ជួប​នឹង​ខ្លា​ធំ​មួយ​ដេញ​ទៀត ទោះ​បី​គាត់​ខំ​ស្រែក​ហៅ ឲ្យ​តា​ក្រហម​ក​ជួយ​យ៉ាង​ណា ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ ម៉្លោះ​ហើយ​យាយ ម៉ៅ ក៏​ត្រូវ​ខ្លា​ខាំ​ស្លាប់​ទៅ ។ ចំណែក​ឯ​តា​ក្រហម​ក​វិញ ដោយ​គាត់​ជា​មនុស្ស​ប្រុស​ស្មារតី​រឹង​ជាង ក៏​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ។

លុះ​ចំណេរ​ចីរកាល​កាល​ត​មក អ្នក​ស្រុក​-​ភូមិ​ជិត​ឆ្ងាយ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​កាត់​កន្លែង​នោះ ក៏​ខ្លាច​រអា​នឹង​ភេរវៈ​ហេតុ​នេះ​ណាស់ ម៉្លោះ​ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ម្ដង​ៗ ម្នាក់​តែង​តែ​បន់​ស្រន់ សុំ​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ កុំ​ឲ្យ​ជួប​ប្រទះ​នឹង​សត្វ​សាហាវ​អ្វី​ឡើយ ចាំ​ថ្វាយ​ក្បាល​បាយ ឬ​ថ្វាយ​នេះ ថ្វាយ​នោះ​តាម​ដែល​ខ្លួន​មាន ។ កាល​បើ​បាន​បន់​ដូច្នេះ​រួច​ហើយ ការ​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​នោះ តែង​បាន​សុខ​សប្បាយ​ដូច​បំណង​មែន ពុំ​សូវ​ដែល​មាន​ជួប​ប្រទះ​នឹង​សត្វ​សាហាវ​ណា​មួយ​ដូច​ពី​ដើម​ឡើយ ។ កាល​បើ​ដូច្នោះ​ហើយ គេ​រឹត​តែង​តែ​ថ្វាយ​បាយ នំ ចំណី​ផ្សេង​ៗ ដែល​គេ​មាន​នោះ​ទៅ ។ មាន​អ្នក​ខ្លះ​គ្រាន់​តែ​ខ្លាច​ភ្លៀង​ទទឹក ក៏​បន់​ថា ៖ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ ចាំ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ចាំ​ភ្លៀង​ចុះ ខ្ញុំ​សុំ​ថ្វាយ​ឆត្រ តាំងយូ (ស្លឹក​ឈើ) ។ លុះ​ធ្វើ​ដំណើរ​ពេល​នោះ​ទៅ មិន​ត្រូវ​ភ្លៀង​ដូច​បំណង​មែន គេ​ក៏​ថ្វាយ​ឆត្រ តាំងយូ5​ត្រង់​កន្លែង​នោះ​ទៅ ។

ការ​បន់ ហើយ​ថ្វាយ​វត្ថុ​ដូច​បាន​រៀប​រាប់​មក​នេះ លុះ​យូរ​ៗ​ទៅ​តង្វាយ​ក៏​កើន​ច្រើន​ឡើង​ៗ​គ ។ នៅ​សម័យ​នោះ​ហើយ ដែល​អានុភាព​របស់​អ្នក​តា កើត​មាន​ឡើង​ជា​លំដាប់​លំដោយ​ដែរ ។ ដំណាល​គ្នា​នឹង​ពេល​នោះ ផ្លូវ​ភ្នំពេញ-កំពត​ក៏​ធ្វើ​ហើយ​ដែរ តែ​ពុំ​ទាន់​ក្រាល​ថ្ម​នៅ​ឡើយ ។ ត​ពី​នោះ​មក អ្នក​ដំណើរ​ទៅ​មក​តាម​ផ្លូវ​នេះ ទាល់​តែ​បាន​បែរ​បន់​ទើប​បាន​សេចក្ដី​សុខ បើ​មិន​បាន​បន់​ទេ មុខ​តែ​ប្រទះ​នឹង​សេចក្ដី​ទុក្ខ រហូត​ដល់​ស្លាប់​ក៏​មាន ។ អាស្រ័យ​ហេតុ​នេះ ទើប​អ្នក​ដំណើរ​ទាំង​ឡាយ​ប្រយ័ត្ន​ណាស់ ចំពោះ​រឿង​បែរ​បន់ និង​វត្ថុ​តង្វាយ​ជំនឿ​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​ជា​លំដាប់ អ្នក​តា​ក៏​មាន​ប្រាកដ​ឡើង​តាម​ពាក្យ​មនុស្ស​អ្នក​បន់​នោះ​ដែរ ។

ក្នុង​ពេល​នោះ​មាន​តា​ម្នាក់​ឈ្មោះ អ៊ុង ធ្វើ​ជា​កាប៉ូរ៉ាល​ថ្ម ក៏​ចាប់​ធ្វើ​ខ្ទម​ឲ្យ​មាន​ប្រាកដ​ឡើង ហើយ​និយាយ​បួង​សួង​សុំ​សុខ​សប្បាយ និង​កុំ​ឲ្យ​កាច​ពេក ។ ត​ពី​នោះ​មក​ទៀត អ្នក​តា​ដែល​កើត​ពី​មាត់​មនុស្ស​នេះ​ក៏​តាំង​បាន​ចិត្ត​ក្រអឺត បញ្ចេញ​អានុភាព​កាច​សាហាវ​ឥត​ត្រា​ប្រណី អ្នក​ណា​ខ្លាច​ស្ញប់​ស្ញែង​គ្រប់​គ្នា​ដែរ ។ លុះ​ផ្លូវ​ភ្នំពេញ​-កំពត បាន​ក្រាល​ថ្ម​រួច តែ​ពុំ​ទាន់​បាន​ចាក់​កៅស៊ូ​នៅ​ឡើយ មាន​រថយន្ត​រត់​តាម​ផ្លូវ​នោះ​មួយ​ៗ (ប្រមាណ​ជា​ក្នុង​រវាង​ឆ្នាំ ១៨៧៦ មិន​ប្រាកដ) អ្នក​ជិះ​មាន​ខ្មែរ​-​ចិន​យួន ជា​ដើម ខ្លាច​ហើយ​ក៏​ចេះ​តែ​បន់​បន់ ព្រម​ទាំង​​ថ្វាយ​វត្ថុ​ផ្សេង​ៗ​ជា​ច្រើន មាន​ប្រាក់​ជា​ដើម បើ​អ្នក​ណា​មិន​ឈប់​ប៉ាយ​ថ្វាយ​ទេ មុខ​តែង​ខ្នង​មិន​ខាន ។ បណ្ដា​តង្វាយ​ទាំង​នោះ មិន​និយាយ​ទេ​អំពី​វត្ថុ​ផ្សេង​ៗ និយាយ​តែ​ពី​ប្រាក់​វិញ ឃើញ​មាន​ចំនួន​ច្រើន​ណាស់ ។ ថ្ងៃ​មួយ ជន​ជាតិ​ចិន​ជើង​ខិល​ម្នាក់ (មិន​ស្គាល់​ឈ្មោះ) ឃើញ​អ្នក​តា​មាន​ប្រាក់​ច្រើន ក៏​យក​បៀ​ទៅ​បបួល​ជំទាវ ម៉ៅ លេង (ធ្វើ​ឧបកិច្ច) ចិន​នេះ​និយាយ​តែ​ម្នាក់​ឯង លេង​តែ​ម្នាក់​ឯង ។ លេង​ទៅ​មុន​ដំបូង​អ្នក​តា​ឈ្នះ​ដល់​យូរ​បន្តិច​ទៅ ចិន​គេ​ធ្វើ​ខ្លួន​គេ​ឲ្យ​មាន​សន្លឹក​បៀ​៩ គេ​ក៏​ឈ្នះ​​អ្នក​តា ។ មិន​យូរ​ប៉ុន្មាន​អ្នក​តា​អស់​លុយ ចិន​គេ​យក​ទៅ​ផ្ទះ​អស់ ។ ជំទាវ ម៉ៅ ខឹង​ណាស់​តាម​ទៅ​កាច់​ចិន​នោះ ស្លាប់​ទៅ ។

លុះ​ក្រោយ​មក​មិន​ដឹង​ជា​យ៉ាង​ម៉េច ស្រាប់​តែ​អ្នក​តា​ជំទាវ ម៉ៅ មក​ចូល​រូប​យាយ សៅរ៍ ប្រពន្ធ​កាប៉ូរ៉ាល​ថ្នល់​ឈ្មោះ អ៊ុង ដែល​គាត់​ធ្វើ​ខ្ទម​នៅ​ក្បែរ​កន្លែង​អ្នក​តា​នោះ ត្រង់​ទី​ដែល​គេ​ហៅ​ថា “ដំណាក់​ទូក” ។

លុះ​ជំទាវ​ម៉ៅ ចូល​យាយ​នោះ​ហើយ ក៏​និយាយ​ប្រាប់​តា អ៊ុង ថា “យើង​សព្វ​ថ្ងៃ​នេះ​នៅ​ភ្នំ​ទ្វារ តា​ស្គាល់​យើង​ឬ​ទេ? យើង​ឈ្មោះ​ជំទាវ ម៉ៅ ។” តា អ៊ុង ឆ្លើយ​ថា “ខ្ញុំ​ស្គាល់​ហើយ តើ​អស់​លោក​យាង​មក​មាន​ការ​អ្វី​? ចុះ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នា​ឈឺ​រង្គំ​រង្គាល​សន្ធឹក​ម្ល៉េះ?”

ជំទាវ ម៉ៅ ឆ្លើយ​ថា “ហ្នឹង​ហើយ​ជា​ស្នាដៃ​យើង ។ ព្រោះ​អ្នក​ទាំង​អស់​នេះ មិន​ស្គាល់​យើង​សោះ ព្រហើន​ដាក់​យើង​ណាស់ ។”

តា​អ៊ុង​ក៏​អង្វរ​ថា “ខ្ញុំ​ស្គាល់​អស់​ហើយ សុំ​អស់​លោក​កុំ​ប្រែ​ប្រកាន់​ពេក ព្រោះ​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​អស់​លោក​នៅ​ឡើយ​ទេ ដោយ​មើល​អស់​លោក​មិន​ឃើញ ឥឡូវ​បាន​អស់​លោក​ប្រាប់​អីចឹង គេ​ដឹង​-​ស្គាល់​អស់​លោក​ហើយ សុំ​ឲ្យ​អស់​លោក​ជួយ​ថែរក្សា​មនុស្ស​ទាំង​អស់ ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ផង ហើយ​មនុស្ស​ទាំង​អស់ គេ​នឹង​ខំ​ថែរក្សា​អស់​លោក​វិញ​ដែរ ។ ” ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​តា​ជំទាវ ម៉ៅ ក៏​ចូល​រូប​យាយ សៅរ៍​រៀង​មក ផុត​ពី​យាយ សៅរ៍ ក៏​ចូល​រូប​តា ស្នង ឡុង ជា​កូន​យាយ សៅរ៍ ។ ផុត​ពី​តា​ស្នង ឡុង មក​ចូល​រូប​ឈ្មោះ​តា ឡុង ម៉ៅ ជា​កូន​តា ស្នង ឡុង សព្វ​ថ្ងៃ​នេះ ។

ចំណែក​ចម្រៀង​សម្រាប់​អ្នក​តា​នេះ មិន​ឮ​ចាស់​ៗ​ដំណាល​ទេ ចំណែក​រូប​អ្នក​តា​ក៏​គាត់​ថា​មិន​ដែល​មាន​ដែរ ។ លុះ​ដល់​មក​ប្រមាណ​ជា​ក្នុង​ឆ្នាំ ១៩៤៤ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​តា​ជំទាវ ម៉ៅ ក៏​លែង​កាច​សាហាវ​ដូច​មុន​ៗ​ទៀត​ទៅ ៕ ចប់

...

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print