ទណ្ឌិតមណ្ឌលកែប្រែ(ម៤) ស្លាប់១នាក់និង១៥នាក់កំពុងសង្រ្គោះ ករណីពុលអាល់កុល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍នានាជុំវិញកន្លែងកើតហេតុ មណ្ឌលកែប្រែ(ម៤)ស្ថិនៅភូមិព្រហស្បត្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះថា មានករណីពុលអាល់កុលបណ្ដាលឲ្យទណ្ឌិត ១នាក់ស្លាប់និងចំនួន១៥នាក់កំពុងធ្វើការសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

 ប្រភពរាយការណ៍ខាងលើបន្តថា បន្ទាប់ក្រុមសមត្ថកិច្ចជំនាញដូចជា គ្រូពេទ្យ នគរបាលបច្ចេកទេស ការិយាល័យព្រហ្មទណ្ឌធ្ងន់និងស្រាល កម្លាំងអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថ ចុះសហការមន្រ្តីមណ្ឌលកែប្រែ(ម៤) ដើម្បីពិនិត្យកន្លែងកើតហេតុជាក់ស្ដែងនៃអគារ(H2) ឃើញកន្លែងកើតហេតុមានការប្រែប្រួលបាត់សភាពដើមដូចជា សម្ភារៈប្រើប្រាស់។ល។ មិនអាចចាប់យកនូវវត្ថុតាងគ្រប់គ្រាន់ ដើម្បីធ្វើកោសល្យវិច័យបាន ប៉ុន្តែប្រធានបន្ទប់(H2)ឈ្មោះ សាន បុរី ភេទប្រុស អាយុ ៤០ឆ្នាំ បំភ្លឺខ្លះៗថា ទណ្ឌិតឈ្មោះ យ៉ា រិទ្ធ ហៅខ្វក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ លួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាសដាវជាអាវុធ គំរាមយកម៉ូតូពីជនរងគ្រោះ ប្រព្រឹត្តកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ បានលួចយកអាល់កុលពីមុខអគារចូលក្នុងបន្ទប់ ទៅលាយជាមួយ(កូកា.ខារ៉ាបាវ និងកាហ្វេណេសស្លេ)រួចនាំគ្នាផឹក ក្នុងចន្លោះម៉ោង១៧ និង០០នាទីទៅម៉ោង១៨ និង០០នាទី) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មកម្លេះ លុះមកដល់វេលាម៉ោង១៧ និង០២នាទី ថ្ងៃទី២៧ ខែឆ្នាំដដែល ជនរងគ្រោះមានអាការៈចុកពោះក្អួតចង្អោរអស់កំលាំង ទើបមន្រ្តីមណ្ឌលកែប្រែ(ម៤) បញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលទណ្ឌិត(យ៉ា រិទ្ធ ហៅខ្វក)បានស្លាប់ នៅក្នុងមន្ទីពេទ្យវេលាម៉ោង២១ និង២០នាទី យប់ថ្ងៃដដែល ។

 ទោះយ៉ាងក្ដី៖ ករណីខាងលើមហាជនបានរិះគន់ថា មន្រ្តីមណ្ឌលកែប្រែ(ម៤)មានការធ្វេសប្រហែសពេកហើយ ពួកគាត់ជាទណ្ឌិតមិនមែនមនុស្សមានសិទ្ធសេរីភាពគ្រប់គ្រាន់ទេ ម្ដេចក៏មានការលាយអាល់កុលនាំគ្នាផឹកសុីមើលតែមានកម្មវិធីបែបនេះនោះ គួរបញ្ជាក់ផងដែរថា នាកន្លងមកនៅមណ្ឌលកែប្រែ(ម៤)នេះមានរឿងរ៉ាវជាច្រើនផងដែរ ៕ ដោយ៖ បុឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print