ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នឹងអនុញ្ញាតឲ្យលោកចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកចួលជួបពិភាក្សាការងារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកដែលមជ្ឈមណ្ឌលព័ត៌មាននគរវត្តទទួលបានបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់ប្រទេសកម្ពុជានាពេលនេះគឺដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ បន្តទំនាក់ទំនងផ្នែកសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនទៅមុខ ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ចន ឃើរី មានបំណងពិភាក្សាពីការរៀបចំជាមុន សម្រាប់ជំនួបកំពូលរវាងបណ្តាមេដឹកនាំប្រទេសទាំង១០នៃសមាគមអាស៊ាន នឹងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
ជាមួយគ្នានេះ ក្រៅពីជួបជាមួយសម្តេចតេជោហ៊ុន សែន លោកចន ឃើរី មានគម្រោងជួបជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ។
លោក ចន ឃើរី បន្ទាប់ពីកិច្ចប្រជុំស្តីអំពីសេដ្ឋកិច្ចអន្តរជាតិនៅប្រទេសស្វីសនោះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានធ្វើដំណើរមកកាន់ប្រទេស៣ក្នុងតំបន់អាស៊ាន ហើយលោកបាន ទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ជួបជាមួយមេដឹកនាំឡាវ ខណៈដែលឡាវធ្វើជាប្រធានអាស៊ានក្នុងឆ្នាំអាណត្តិឆ្នាំ២០១៦នេះ ។ បន្ទាប់ពីជំនួបជាមួយមេដឹកនាំឡាវ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ានឡាវមានបំណងចង់ឃើញការមិនរីកសាយភាយដោយអាវុធ ដោយកងកម្លាំងយោធា ឬការប្រឈមមុខតានតឹងដាក់គ្នាក្នុងជម្លោះនៅដែនសមុទ្រចិនខាងត្បូងនោះឡើយ ។
លោកចន ឃើរី បន្ទាប់ពីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោកនឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ។ មន្ត្រីក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននោះ លោកចន ឃើរី មានបំណងបញ្ចុះបញ្ចូលឲ្យទីក្រុងប៉េកាំងដែលជាមិត្តរបស់ទីក្រុងព្យុងយ៉ាងនោះ ឲ្យបោះបង់ចោលមហិច្ឆតាកម្មវិធីអាវុធនុយក្លេអ៊ែរដ៏មហាប្រល័យលោក ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទើបតែបានបាញ់សាកល្បងអាវុធបរមាណូកាលពីពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យប្រទេសក្នុងតំបន់មានការព្រួយបារម្ភជាខ្លាំង ជាពិសេសរដ្ឋាភិបាលទីក្រុងសេអ៊ូលដែលជាសម្ពន្ធមិត្តរបស់អាមេរិកនោះតែម្តង ។ រដ្ឋាភិបាលអាមេរិកបានប្រកាសអះអាងថា ខ្លួននឹងការពារសម្ពន្ធមិត្តមិនឲ្យមានការគំរាមកំហែង ពីកូរ៉េខាងជើងឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕
ដោយ៖ ថាច់ យ៉ាត