ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ហើយបានបង្ហាញការប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក។ នេះជាការឆ្លើយតបនឹងសាររបស់ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលផ្ញើជូនសម្តេចដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវនៅប្រទេសម៉ាលីនោះ។
សូមបញ្ជាក់ថា៖ ក្នុងសារលិខិតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខ របស់ ឯកឧត្តម ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អំពីការបាត់បង់ដ៏សោកសង្រេងរបស់ នាយទាហានជាន់ខ្ពស់ ស សាវី កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា ក្នុងបេសកកម្ម រក្សាស្ថេរភាពចម្រុះនៅសាធារណរដ្ឋម៉ាលី (MINUSMA) ដោយសារជំងឺកូវីដ១៩»។
សម្តេចបានមានប្រសាសន៍បន្តថា៖ «សេចក្ដីក្លាហាន និងពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការត្រៀមខ្លួនរួចជាស្រេចធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបនឹងការរីករាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១រូប បានបាត់បង់ជីវិត បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី។ ទាហានដែលបានទទួលមរណភាពនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕
ដោយ៖ សហការី