ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រីចំនួន១០០គ្រួសារ រស់នៅភូមិ១ និងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានទទួលប្រាក់កម្ចី នៃគម្រោងឥណទានឥតការប្រាក់ រយៈពេល ០២ឆ្នាំ ពីអង្គការ muslime helfen នៃប្រទេសអាឡឺម៉ង់ ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដើម្បីយកទៅធ្វើដើមទុនប្រកបមុខរបរខ្នាតតូច នៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃដែល១គ្រួសារៗទទួលបានប្រាក់១លានរៀល ដោយមានការចូលរួមពីលោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នំា ២០១៥ ។
លោកស្រី សុខ ណារី ចៅសង្កាត់រង ជ្រោយចង្វារ បានបញ្ជាក់ថាប្រជាពលរដ្ឋមុស្លិម ទាំង ១០០គ្រួសារ នេះសុទ្ធតែជួបនូវជីវភាពខ្វះខាត ក្រីក្រលំបាក ដោយសារពួកគាត់ពុំមានដើមទុនគ្រប់គ្រាន់សម្រាប់ប្រកបមុខរបរ ទទួលទានប្រចាំថ្ងៃ ។ លោកស្រី បានបន្តទៀតថា៖ ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាម ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ១ និងភូមិ២ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជ. សុះ មុះសិន ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ម្ចាស់ជំនួយ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះ ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នេះជាការរួមចំណែកដ៏ធំធេងរបស់សមាគមនិស្សិត មុស្លិមកម្ពុជា ក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក. សុះ មុះសិន រដ្ឋលេខធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមនិងស្សិតមុស្លិមកម្ពុជា បានបញ្ជាក់ថា៖ ប្រាក់កម្ចី នៃគម្រោងឥណទានឥតការប្រាក់ សម្រាប់ប្រកប មុខរបរខ្នាតតូច ដែលផ្តល់ជូនប្រជាពលរដ្ឋមុស្លិមក្រីក្រ ទាំង១០០គ្រួសារ រស់នៅក្នុងភូមិ១ និងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ថ្ងៃនេះ ជាថវិការបស់អង្គការ muslime helfen នៃប្រទេសអាឡឺម៉ង់ ដែល១គ្រួសារៗ ទទួលបានចំនួន ១លានរៀល សរុបចំនួន ១០០លានរៀល ។ លោក. សុះ មុះសិន បានបន្តទៀតថា ថវិកានេះមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែវាអាចជួយអោយបងប្អូនបង្កើតមុខរបរខ្នាតតូចបានក្នុងការរក ទទួលទានប្រចាំថ្ងៃ ដើម្បីដោះស្រាយជីវភាពរបស់បងប្អូន ។ លោក បានបន្តទៀតថា ក្រៅពី ការផ្តល់ប្រាក់កម្ចីឥណទាននេះ CAMSA ក៏បានសហការជាមួយ អង្គការ muslime helfen ដែលបានផ្តល់នូវគំរោង មនុស្សធម៌ជាច្រើនទៀតដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា សាងសង់អគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង បើកវគ្គ បណ្តុះបណ្តាលភាសាអង់គ្លេស កុំព្យូទ័រ និងវិជ្ជាជីវៈកាត់ដេរដោយឥតគិតថ្លៃ នៅខេត្តកំពង់ចាម ផ្តល់អំណោយ សង្គ្រោះបន្ទាន់ ផ្តល់ថវិកាសម្រាប់សាសនិកឥស្លាមធ្វើពិធីស្រាយបួសក្នុងខែ រ៉ាម៉ាឌន ធ្វើគូបាន និងមានគំរោង ជាច្រើនទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនជាមួយ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ សំរិត