ខេត្តកណ្តាល៖ ជនល្មើសចែកចាយគ្រឿងញៀនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំ និងស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាប២ករណីផ្សេងគ្នា ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៣កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
ប្រតិបត្តិការទី១-សមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួនបាន ជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វង់ សុខា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ វង់ ស៊ាងឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៣-ឈ្មោះ សែត ឆៃលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ជនសង្ស័យទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចេញល្បាតចាប់ខ្លួនបាន ខណៈកំពុងដើរតាមផ្លូវដោយមានរក្សាទុកសារធាតុញៀននៅជាប់ខ្លួន ។ ក្រោយពីឃាត់ខ្លួនបានជនសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការទី២-សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០១កញ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ រ៉ន ចាន់នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទី២- ឈ្មោះ ខុម លាភ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ៕
ដោយ៖ ស្អាងជ័យ