ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែផ្តល់មតិណែនាំដល់យើងខ្ញុំថាត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជួយលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នាដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ»។ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដសូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។ លោកបានថ្លែងថាត្រូវញែកឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ លោកបានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»។ ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មីដូចជាការចិញ្ចឹមសត្វនិងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។
ចក្ខុវិស័យនិងការចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍នេះត្រូវបានចែករំលែកពីសំណាក់លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីដោយលោកបានថ្លែងថា៖«យើងខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋខេត្តយើងខ្ញុំពឹងអាស្រ័យមុខរបរលើធនធានធម្មជាតិទេ គឺមានមុខរបរផ្សេងក្រៅពីការប្រមូលអនុផលព្រៃឈើ ដើម្បីទុកឱ្យធនធានធម្មជាតិមានការរីកធំធាត់ និងធ្វើឱ្យខេត្តរតនគិរីក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្បូណ៌ដោយធនធានធម្មជាតិដើម្បីផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរភូមិឃុំ រួមនឹងអង្គការសង្គមស៊ីវិលសហការគ្នាឱ្យបានល្អ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបើកវេទិកាសំណួរចម្លើយ ដោយក្នុងនោះអភិបាលនៃគណៈអភិបាលស្រុកក្រុងនានាខេត្តរតនគិរីបានលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងសំណល់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបញ្ហាមួយចំនួនទៀត៕
ដោយ៖ សហការី