អន្តរជាតិ៖ លោក រូហូលឡាហ៍ ហ្សាម (Ruhollah Zam) ជាអ្នកគ្រប់គ្រងវែបសាយ និង Channel តេឡេក្រាម (Telegram) ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានតុលាការអ៉ីរ៉ង់ សម្រេចផ្តន្ទាទោសប្រហារជីវិតហើយ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់សម្តីរបស់អ្នកនាំពាក្យតុលាការអ៉ីរ៉ង់ បានអះអាងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ។
លោក ហ្គោឡេម អ៉ីស្មៃលី (Gholam Hossein Esmaili) ជាអ្នកនាំពាក្យតុលាការអ៉ីរ៉ង់ បានបញ្ជាក់ថា វែបសាយប្រឆាំងរដ្ឋាភិបាលខាងលើនេះ មានឈ្មោះថា អាម៉ាត់ញូស (Amad News) ត្រូវបានតុលាការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋ និងប្រព្រឹត្តអំពើពុករលួយសាយភាពលើភពផែនដី ដែលមិនអាចលើកលែង។
ទោះជាយ៉ាង លោក Esmaili បានគូសបញ្ជាក់ថា សេចក្តីសម្រេចនេះ គឺមិនទាន់ចូលជាស្ថាពរនៅឡើយទេ ដោយម្ចាស់វែបសាយខាងលើនេះ អាចធ្វើការប្តឹងឧទ្ធរណ៍បាន។ វែបសាយ Amad News ត្រូវបានគេដឹងកន្លងមកនេះថា តែងតែបានធ្វើការផ្សព្វផ្សាយព័ត៌មានញុះញង់និងប្រឆាំងចំពោះរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ព្រមទាំងបានប្រើប្រាស់តេឡេក្រាម ជាកម្មវិធីចែកចាយ៕ដោយ៖ស តារា