ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា៖ ថ្ងៃនេះគឺជាថ្ងៃទី១ខែកក្កដា ជាថ្ងៃបញ្ចប់ពាក់កណ្តាលឆ្នាំ២០២០ ហើយនៅថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍រយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
សម្តេចក្រឡាហោមបានបន្តថា៖ ទិន្នន័យជាផ្លូវការបានបង្ហាញថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស(ពីថ្ងៃទីខែមករារហូតដល់ថ្ងៃទី៣០ខែមិថុនា)ឆ្នាំ២០២០នេះបើប្រៀបធៀបឆមាសទី១ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើកស្មើ២៥% (១៦១៩លើ២១៧១លើក)ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់) ។
ដូចគ្នានេះដែរបើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺខែឧសភា និងខែមិថុនាឆ្នាំ២០២០នឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើកស្មើនឹង៣៤%(៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ស្មើនឹង២៥%(២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។
សម្តេចថ្លែងបញ្ជាក់ថា៖ តាមទិន្នន័យបញ្ជាក់ខាងលើនេះគឺបានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិយើងមានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និង កំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ។
លទ្ធផលវិជ្ជមាននេះ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។
សម្តេចសូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា៖ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិ ជាពិសេសនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ ។
ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអរថែមទៀតដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើងគឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។
ជាមួយគ្នានេះខ្ញុំសូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង៕
ដោយ៖ សិលា