ស្ថាប័ន​ប៉ូលីស​អន្តរជាតិ ​បដិសេធ​សំណើ​របស់​អ៉ីរ៉ង់​ដែល​សុំ​កិច្ចសហការ​ក្នុង​ការជួយ​ចាប់ខ្លួន​លោក ដូ​ណា​ល់ ត្រាំ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​រដ្ឋអាជ្ញា​អ៉ីរ៉ង់ ​បាន​ចោទប្រកាន់ និង​ចេញ​ដីការ​ចាប់ខ្លួន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​៣៥​នាក់​ផ្សេងទៀត ​ចំពោះ​អំពើ​ឃាតកម្ម​លើ​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani​នោះ ។ ស្ថាប័ន​ប៉ូលីស​អន្តរជាតិ (Interpol) បាន​បដិសេធ​សំណើ​របស់​អ៉ីរ៉ង់​ ដែល​សុំ​កិច្ចសហការ​ក្នុង​ការជួយ​ចាប់ខ្លួន​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​។

តាមរយៈ​សេចក្តី​ថ្លែង​ការ​របស់ប៉ូលីសInterpol ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង បាន​បដិសេធថា នឹងមិន​ពិចារណា​សំណើរ​របស់​អ៉ីរ៉ង់​ឡើយ​។ ដោយ​លើក​អំណះអំណាង​ថា ធម្មនុញ្ញ​របស់ខ្លួន​ហាមឃាត់ អង្គភាព​មួយ​នេះ​មិន​ឲ្យ​ចេញ​អន្តរាគមន៍ ឬ​សកម្មភាព​ណា​ដែលមាន​លក្ខណៈ​នយោបាយ យោធា សាសនា ឫ​ពូជសាសន៍​។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera បាននិយាយថា មែនទែនទៅ សេចក្តីស្នើ​របស់​អ៉ីរ៉ង់​ទៅ Interpol មិនមែនជា​ការទាមទា​រ​ឲ្យ​អង្គភាព​ចេញ​បញ្ជា​ទៅកាន់​រដ្ឋ​សមាជិក​ឯទៀត​នេះ​ទៅ​ចាប់​លោក ត្រាំ ឡើយ​។ ប៉ុន្តែ​វា​ជា​សំណើសុំ​ឲ្យ​ដាក់ឈ្មោះ​បុគ្គល​ទាំងនោះ​ក្នុង​សេចក្តីប្រកាស​ក្រហម (Red notice) ដែលជា​កម្រិត​ប្រកាស​ខ្ពស់បំផុត​។ នៅពេល ប៉ូលីសអន្តរជាតិ ចេញ​សេចក្តីប្រកាស​ក្រហម វា​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ប៉ូលីស​នៃ​ប្រទេស​ផ្សេង ចាប់ខ្លួន​បុគ្គល​ទាំងនោះ​ក្រោម​ឈ្មោះ​ប្រទេស​ដែល​ស្នើសុំ​។ ប៉ុន្តែ​សេចក្តីប្រកាស​ក្រហម​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​ចាប់ខ្លួន​ដោយ​បង្ខំ ឬ​ធ្វើ​បត្យាប័ន ថ្នាក់ដឹកនាំ​ប្រទេស​ណាមួយ​ឡើយ​។ គេ​អាច​ត្រឹម​ដាក់​កំ​ហឹ​ត​លើ​ការធ្វើដំណើរ​តែប៉ុណ្ណោះ​។​

​ក្រោយ​ទទួលបាន​សំណើរ​សុំ​ឲ្យ​ចេញ​សេចក្តីប្រកាស​ក្រហម ទៅលើ​បុគ្គល​ណា​ម្នាក់ ប៉ូលីសអន្តរជាតិ នឹងធ្វើ​ការជួបប្រជុំ​ពិភាក្សា​ក្នុង​គណៈកម្មការ​របស់​ខ្លួន ថា​តើ​គួរ​ចែកចាយ​ព័ត៌មាន​ទាំងនោះ​ជាមួយ​រដ្ឋ​សមាជិក​ដែរ​ឫ​ទេ​។ បន្ថែម​ពីនេះ ប៉ូលីសInterpol ក៏​មិន​តម្រូវ​ឲ្យ​ចេញ​សេចក្តីប្រកាស​ជា​សាធារណៈ​ដែរ ប៉ុន្តែ​ក្នុងករណី​មួយចំនួន បុគ្គល​ដែល​ត្រូវបាន​ប្រកាស​ក្នុង​សេចក្តីជូនដំណឹង​ក្រហម ត្រូវ​លេចមុខ​ក្នុង​វេ​ប​សាយ​របស់ Interpol​។​

​សូមជម្រាបថា នៅ​ថ្ងៃទី ២៩ ខែមិថុនា លោក Ali Qasi Mehr រដ្ឋអាជ្ញា​អ៉ីរ៉ង់ បានបញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៣៦ រូប​ក្នុងនោះ​មាន​លោកត្រាំ មន្ត្រី​នយោបាយ និង​យោធា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​លើ​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani កាលពី​ខែមករា ត្រូវបាន​ស៊ើបអង្កេត និង​ចេញ​ដីការ​ឲ្យ​ចាប់ខ្លួន​តាមរយៈ Interpol ។​ចំពោះ​លោក ត្រាំ វិញ អ៉ីរ៉ង់ នឹង​បន្ត​តាម​ចាប់ខ្លួន​ដើម្បី​កាត់ទោស​បើទោះបីជា​លោក​ចប់​អាណត្តិ​ក៏ដោយ​។

​ដោយឡែកចំពោះ​ការស្នើសុំ​របស់​អ៉ីរ៉ង់​ទៅ ប៉ូលីសInterpol នេះ លោក Brian Hook បេសកជន​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​២៩ មិថុនា បាន​និយាយថា សំណើ​នេះ​មាន​លក្ខណៈ​នយោបាយ ហើយ​ពុំមាន​ទាក់ទង​អ្វី​ទៅនឹង​សន្តិសុខ​ជាតិ សន្តិភាព​អន្តរជាតិ និង​ការលើកកម្ពស់​ស្ថិរភាព​ឡើយ​។ ពី​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោក Hook បន្ថែមថា​វា គ្រាន់តែ​ជាការ​ឃោសនា​នយោបាយ​ប៉ុណ្ណោះដែល​គ្មាន​អ្នកណា​ខ្វល់ខ្វាយ​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print