គណៈកម្មការចម្រុះខណ្ឌច្បារអំពៅចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ដែលជះក្លិនស្អុយដល់អ្នកជិតខាង

ចែករំលែក៖

ភ្នំពេញៈ អនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំគណៈកម្មការចម្រុះរួមមានមន្ត្រីមន្ទីរកសិកម្មរាជធានីភ្នំពេញ មន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមន្ត្រីការិយាល័យកសិកម្មខណ្ឌ មន្ត្រីការិយាល័យបរិស្ថានខណ្ឌ ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
គណៈកម្មការចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់នេះធ្វើឡើងទៅតាមការស្នើសុំកិច្ចអន្តរាគមន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំពុះក្អែក ជិតកន្លែងកសិដ្ឋាន ដោយសារជះក្លិនស្អុយចេញពីកសិដ្ឋានពិបាកទ្រាំខ្លាំងពេក ។ ទីតាំងកសិដ្ឋានខាងលើនេះកន្លងមករដ្ឋបាលខណ្ឌបានចុះណែនាំ២លើករួចមកហើយ ដើម្បីឱ្យម្ចាស់កសិដ្ឋានអនុវត្តតាមគោលការណ៍ណែនាំរបស់មន្ទីរកសិកម្ម រាជធានីភ្នំពេញ ក៏ដូចជាការិយាល័យកសិកម្មខណ្ឌ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និង ការិយាល័យបរិស្ថានខណ្ឌ ពាក់ព័ន្ធលក្ខណៈបច្ចេកទេសនៃការចិញ្ចឹម សត្វនិងអនាម័យបរិស្ថាន ។ បន្ទាប់ពីមានការចុះត្រួតពិនិត្យរួចមក ម្ចាស់កសិដ្ឋានបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌបានល្អប្រសើរ ស្រាប់តែមួយរយៈចុងក្រោយនេះស្របពេលរដូវវស្សាចូលមកដល់មានភ្លៀង មានខ្យល់ស្ទើររាល់ថ្ងៃនោះក្លិនស្អុយបានជះចេញពីកសិដ្ឋានប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ ទើបប្រជាពលរដ្ឋសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ ។
លោករស់ សុភក្តិ អភិបាលរងខណ្ឌដែលដឹកនាំគណៈកម្មការចម្រុះទៅត្រួតពិនិត្យកសិដ្ឋាននោះបានឱ្យដឹងថា តាមការចុះត្រួតពិនិត្យនៅក្នុងកសិដ្ឋាន មន្ត្រីជំនាញខាងបរិស្ថាន ពិនិត្យឃើញថា កសិដ្ឋានចិញ្ចឹមមាន់មានបញ្ហាក្លិនស្អុយ លាមកមាន់តែមានធំុក្លិនស្អុយកម្រិតទាប នៅពេលមានខ្យល់បក់មកម្តងៗ ។ ចំណែកមន្ត្រីកសិកម្មពិនិត្យឃើញថា បានធ្វើអនាម័យទ្រុង បរិវេណទ្រុងមាន់ បោសសម្អាត បាញ់ថ្នាំបំបាត់ក្លិនស្អុយ រម្ងាប់រុយ ចំពោះក្លិនលាមកមាន់មានធំុក្លិនបន្តិចបន្តួច ។
លោកអភិបាលរងខណ្ឌបានបន្តថា បន្ទាប់ពីពិនិត្យរួចរាល់ ឥឡូវនេះគណៈកម្មការចម្រុះ បានធ្វើការណែនាំបន្ថែមដោយតម្រូវឱ្យម្ចាស់កសិដ្ឋាន ទី១-ត្រូវទុកដាក់លាមកមាន់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហាមស្តុកលាមកនៅក្នុងទីតាំងដើម្បីជៀសវាងការពារជះក្លិនស្អុយដល់អ្នកជិតខាង ,ទី២-ហាមដុតដាច់ខាតរាល់សំណល់នានានៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដើម្បីបញ្ជៀសក្លិនឆ្ងៀម ប៉ះពាល់ដល់អ្នកជិតខាង និងទី៣-ម្ចាស់កសិដ្ឋានត្រូវកើបសម្អាតលាមក និងធ្វើអនាម័យទ្រុង ឱ្យបានស្អាតជាប្រចាំ ជាពិសេសត្រូវបាញ់ថ្នាំបំបាត់ក្លិនស្អុយនិងរម្ងាប់មេរោគ ទៅតាមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ ទើបបញ្ជៀសបានផលប៉ះពាល់ដល់អ្នកជិតខាង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយមន្ទីរនិងការិយាល័យជំនាញ ផ្នែកកសិកម្ម និងបរិស្ថាន ត្រូវសហការគ្នាចុះត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមមាន់ម្តងទៀត តើកែបានឬមិនបាន បើមិនបានសុំមតិយោបល់ពីខាងមន្ទីរជំនាញទាំង២ដើម្បីមានវិធានការ ព្រោះទុកពេលឱ្យម្ចាស់កសិដ្ឋានយូរខែហើយ ឥឡូវនេះបើកែមិនបានទេត្រូវប្តូរទីតាំង ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print