ករណីដីធ្លីនៅស្រុកគាស់ក្រឡ អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនអភិបាលរងខេត្តបាត់ដំបង១រូបទៀត មកសួរនាំ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «គាត់ (លោក ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង»។ លោក ឱម យ៉ិនទៀង បានជឿជាក់ថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ។
បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print