មន្ត្រីសាលាខេត្តកំពង់ចាមរាយការណ៍ថា លោក អ៊ុំ ប៉ុណ្ណាការ មន្ត្រីខុទ្ទកាល័យរងនៃទីចាត់ការលទ្ធកម្ម សម្រាប់ការវិនិយោគនៃសាលាខេត្តកំពង់ចាម បានឃុបឃិតជាមួយបក្ខពួក ក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅមូលដ្ឋានជាគោលនយោបាយមូលនិធិជាតិ និងមូលនិធិភូមិ ឃុំ សង្កាត់ ដែលសកម្មភាពខាងលើនេះ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់គុណភាពសំណង់ដែលបានសាងសង់នោះទេ តែវាអាចបណ្តាលឲ្យខាតបង់ថវិកាជាតិផងដែរ។
គេរាយការណ៍ថា ឈ្មោះ ហង្ស សុគា ជាយោធាតំបន់ប្រតិបត្តិការសឹករង ស្រុកព្រៃឈរ ជាបក្ខពួករបស់លោក អ៊ុំ ប៉ុណ្ណាការ ប្រព្រឹត្តអំពើពុករលួយក្នុងគម្រោងសាងសង់សំណង់ផ្សេងៗរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅមូលដ្ឋានជាគោលនយោបាយមូលនិធិជាតិ និងមូលនិធិភូមិ ឃុំ សង្កាត់ នេះជាការបញ្ជាក់របស់មន្ត្រីរាជការបម្រើការងារនៅសាលាខេត្តកំពង់ចាម។ ប្រភពដដែលបានបញ្ជាក់ថា បើគ្មានការស៊ើបអង្កេត និងបោសសំអាតភាពមិនប្រក្រតីក្នុងករណីខាងលើវានឹងបណ្តាលឲ្យប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនខាន។
មន្ត្រី សាលាខេត្តកំពង់ចាមបានរៀបរាប់ថា ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវពីខ្សែនៅស្រុកព្រៃឈរ បង្កប់ទៅដោយអំពើពុករលួយ ព្រោះប្រាក់ប៉ាន់ស្មាន និងប្រាក់លម្អៀងដែលដេញបាននោះ វាខុសគ្នាយ៉ាងច្រើនដែលអាចធ្វើឱ្យរដ្ឋខាតបង់ តែចំណេញហួសហេតុខុសប្រក្រតីទៅក្រុមហ៊ុន និងបក្ខពួក ដែលគេរៀបចំជាប្រព័ន្ធជាមួយគ្នារួចជាស្រេច ៕