Update៖ ក្រុមសង្រ្គោះរបស់មីយ៉ាន់ម៉ា រកឃើញអ្នកស្លាប់កើនឡើង១១៣នាក់ ចំណែកមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរដី ដោយសារគ្រោះធម្មជាតិបាក់ដី

ចែករំលែក៖

អន្តរជាតិ៖ សាកសពចំនួន១១៣នាក់ ត្រូវបានអាជ្ញាធរ និងក្រុមសង្រ្គោះរបស់ប្រទេសមីយ៉ាន់ម៉ា រុករកឃើញនៅក្រោមបំណាក់ដីដោយសារតែគ្រោះធម្មជាតិរអិលបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈិន (Kachin) នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០នេះ ។ចំណែកមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរដី ដោយក្រុមសង្រ្គោះកំពុងរុករកបន្តទៀត

សូមជម្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានពន្លត់អគ្គីភ័យ របស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា «គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០»

អាជ្ញាធរប៉ូលីសមូលដ្ឋាន បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា មានកម្មករជីករ៉ែរាប់រយនាក់ត្រូវបានគេសង្ស័យថា ត្រូវបានកប់នៅក្នុងដីខណៈពេលដែលគ្រោះបាក់ដីមួយនេះ វាបានកើតឡើងក្នុងម៉ោងធ្វើការរបស់ពួកគេ។ ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់កើនឡើងដល់១១៣នាក់ហើយ រីឯអ្នករបួសពិតប្រាកដ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលការងារប្រតិបត្តិការជួយសង្គ្រោះ គឺកំពុងតែដំណើរការនៅឡើយ។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗ នៅតាមទីតាំងរុករករ៉ែនៅ តំបន់សម្បូរធនធានត្បូងហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin) ជាក់ស្តែងកាលពីឆ្នាំ២០១៥ កន្លងទៅនេះ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១១៦នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print