ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបុកពីក្រោយរថយន្តកុងតឺន័រចតចោលនៅតាមផ្លូវបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ែអាសាក់ ជាចុងភៅ ស្នាក់នៅផ្ទះជួលខាងក្រោយផ្សារព្រែកលៀប។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-1917 ចតចោលនៅកន្លែងកើតហេតុរយៈពេល២ថ្ងៃមកហើយដោយសារតែរថយន្តខូចជួសជុលមិនទាន់រួច ស្រាប់តែនៅម៉ោងកើតហេតុ គេឃើញស្ត្រីខាងលើបើកម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1D-0916 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រដែលចតចោលពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទាក់ទងជំនាញចរាចរណ៍រាជធានីមកយកម៉ូតូ និងរថយន្តកុងតឺន័រទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពទៅឱ្យរថយន្តសាមុយ យកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ