ភ្នំពេញ៖ ជនត្រូវចោទជំនាញខាងឆក់ប្លន់ម្នាក់ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបតែឃាត់ខ្លួនបានកាលពីចុងខែមិថុនា ឆ្នាំ២០២០នោះ ត្រូវបានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ សម្រេចដោះលែងវិញហើយកាលពីម្សិលមុិញ។
យោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្ន លេខ ៥២១២ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ហម ម៉េងសែ បានសម្រេចដាក់ជនត្រូវចោទឈ្មោះ ធឿន រាជ្យនា ភេទប្រុស អាយុ ១៧ឆ្នាំ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួន) ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។
សូមបញ្ជាក់ថា៖ ជនត្រូវចោទឈ្មោះ ធឿន រាជ្យនា ត្រូវបានលោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៣០៦ អ.យ.ន ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
បើយោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្នរបស់លោក ហម ម៉េងសែ ដែលជាចៅក្រមស៊ើបសួរនោះ លោក សេង ហៀង ជាម្ចាស់បណ្ដឹងអាជ្ញា បានចារ ថា «ប្ដឹងឧទ្ធរណ៍» មានន័យថា លោក សេង ហៀង នឹងប្ដឹងជំទាស់ចំពោះការដោះលែងចោររូបនេះ ពីសំណាក់លោក ហម ម៉េងសែ។
សូមជម្រាបថា ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាម ក្នុងបទល្មើសជាក់ស្ដែងឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុមុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងធ្វើកំណតើហេតុស្តាប់ចម្លើយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ឈានដល់តំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) តែទីបំផុតចៅក្រមចៅ លោក ហម ម៉ែងសែ ដោះលែងផុយៗ ។
ពាក់ព័ន្ធករណីនេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ តាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន» លោកមិនបានធ្វើអធិប្បាយទេ ដោយសារជាប់សវនាការ ហើយលោកនឹងជម្រាបជូនវិញក្រោយពីចប់ការងារ។
សូមរំលឹកថា៖ កន្លងទៅថ្មីៗនេះក្រសួងយុត្តិធម៍បានបង្កើតក្រុមការងារពិនិត្យការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងនោះលោករដ្ឋមន្ត្រី លោក កើត រិទ្ធ បានជម្រុញឱ្យព្រះរាជអាជ្ញា ចៅក្រម តាមបណ្តាសាលាដំបូងរាជធានី-ខេត្ត យកចិត្តទុកអនុវត្តអោយបានត្រឹមត្រូវតាមនីតិវិធី ប្រកបដោយតម្លាភាព គតិយុត្តិធម៍ កែទម្រង់សុីជម្រៅ ៕ដោយ៖ សុខ ខេមរា
ដោយ៖ សុខ ខេមរា