អន្តរជាតិ៖ តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងការពារជាតិអាមេរិកបានបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចាត់ទុកថា នេះគឺជាសកម្មភាពដែលនឹងបង្កអស្ថេរភាព នៅក្នុងតំបន់ជម្លោះដែនទឹក។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ដែនទឹក នៃសមុទ្រចិនខាងត្បូង គឺជាសកម្មភាពប្រឆាំង នឹងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងរក្សាស្ថេរភាពនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ចិនបានប្រកាសកាលពីសប្ដាហ៍មុននេះ ពីការធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា នៅក្បែរដែនទឹកជម្លោះនៃទីប្រជុំកោះ ផារ៉ាសែល (Paracel) ដែលទីក្រុងប៉េកាំង និងទីក្រុងហាណូយអះអាងពីអធិបតេយ្យភាពរៀងៗខ្លួន។
សហរដ្ឋអាមេរិកបានចោទចិនថា បានកំពុងពង្រីកសកម្មភាពយោធា នៅតំបន់សមុទ្រចិនខាងត្បូង និងគំរាមកំហែងដល់ប្រទេសជាភាគីជម្លោះ។ ប៉ុន្តែទន្ទឹមៗគ្នានោះ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការបញ្ជូននាវាចម្បាំង មកក្បែរតំបន់ជម្លោះនេះផងដែរ ក្រោមបេសកកម្មសេរីភាពនាវាចរ ខណៈទីក្រុងប៉េកាំងព្រមានថា សកម្មភាពរបស់យោធាអាមេរិក អាចនឹងបង្កហានិភ័យ នៃជម្លោះរវាងយោធានៃប្រទេសទាំង ២។
សូមជម្រាបថា ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ចិនបានទាមទារ ៩០ភាគរយ នៃតំបន់ដែនទឹកជម្លោះនៃតំបន់សមុទ្រចិនខាងត្បូងជាមួយប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងកោះតៃវ៉ាន់។ សមុទ្រចិនខាងត្បូង ត្រូវបានគេចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដោយមានទាំងធនធានប្រេង និងឧស្ម័ន ហើយសកម្មភាពពាណិជ្ជកម្មឆ្លងកាត់តំបន់នេះ មានរហូតដល់ ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗឯណោះ៕ដោយ៖ស តារា