អន្តរជាតិ៖ ក្រុមជួយសង្គ្រោះរបស់មីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ករណីគ្រោះធម្មជាតិរអិលបាក់ដី នៅអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រុំប្រទល់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដាម្សិលមិញនេះ បានរកឃើញសាកសពកើនឡើងដល់ ១៦៨នាក់ហើយ ខណៈអាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ ។
សារបង្ហោះនៅលើបណ្តាញសង្គមរបស់ក្រុមជួយសង្គ្រោះមីយ៉ាន់ម៉ា បានសរសេរថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈីន (Kachin) ជាប់ព្រំដែនជាមួយចិន ក្រុមសង្គ្រោះបានរកឃើញសាកសព ១៦៨នាក់ ខណៈការរុករកនៅតែបន្ត។អាជ្ញាធរបានស្តីបន្ទោស ទៅលើក្រុមហ៊ុនរុករករ៉ែ ដែលមិនបានអើពើពីការព្រមានរបស់អាជ្ញាធរមូលដ្ឋាន ដែលហាមមិនឱ្យធ្វើការរុករករ៉ែក្នុងពេលមានភ្លៀងខ្លាំង។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងចំណោមប្រទេស ដែលនាំចេញត្បូងមានតម្លៃច្រើនជាងគេ ហើយវិស័យនេះកំពុងមានតំរូវការយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេសគឺប្រទេសចិន ។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗ នៅតាមទីតាំងរុករករ៉ែនៅ តំបន់សម្បូរធនធានត្បូងហាផាខាន់ (Hpakant) នៃរដ្ឋកាឈីន (Kachin)។ ជាក់ស្តែងកាលពីឆ្នាំ២០១៥ កន្លងទៅនេះ គ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ១១៦នាក់៕ដោយ៖ស តារា