សមត្ថកិច្ចខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីគាស់ទ្វារផ្ទះលួចយកម៉ូតូគេ២គ្រឿង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង​ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ​ កាលពីថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ មានទីលំនៅផ្ទះលេខ៤៩ ផ្លូវលេខ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី២-ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

​ ចំណែកជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ មានទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

​ លោក​វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ​ បានប្រាប់ឲ្យដឹងថា​ នៅថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២០ ជនរងគ្រោះ​បានទុកម៉ូតូចំនួន៣គ្រឿងគឺ ១​-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FN-9874, ២​ ម៉ូតូម៉ាកហ្ស៊ូមើរអុិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-5331, ៣​-ម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) នៅក្នុងផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ
រួចចាក់សោទ្វារត្រឹមត្រូវ រួចហើយជនរងគ្រោះក៏បានធ្វើដំណើរទៅលេងខេត្តតាកែវជាមួយក្រុមគ្រួសារដោយពុំមានអ្នកនៅយាមផ្ទះទេ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទីព្រឹក​ ជនរងគ្រោះបានត្រឡប់ពីខេត្តតាកែវមកដល់ផ្ទះខាងលើ ស្រាប់តែឃើញទ្វារផ្ទះចំហហើយមូលវីសដោះកញ្ចក់ទ្វារចេញ១ផ្ទាំង និងឃើញម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ ។ បន្ទាប់មកជនរងគ្រោះក៏បានដើរចូលក្នុងផ្ទះឃើញអីវ៉ាន់នៅក្នុងផ្ទះត្រូវគេរើកកាយរប៉ាត់រប៉ាយ និងបាត់ម៉ូតូចំនួន២គ្រឿង ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យជួយធ្វើអន្តរាគមន៍។ ពេលនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឆែកមើលជីភីអេស ដែលដាក់ជាប់នឹងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចតាមរយៈទូរស័ព្ទដៃរបស់ជនរងគ្រោះ ឃើញម៉ូតូម៉ាកខាងលើកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក៏បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មកយកសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោ។

​ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ១​-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FN-9874 ចំនួន១គ្រឿង​ និង២​-ម៉ូតូម៉ាកហ្ស៊ូមើរអុិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-5331ចំនួន១គ្រឿង, ៣​-ទួណឺវីសចំនួន១​, ៤​-អាវខ្មៅដៃវែងជាប់មួកពីលើចំនួន១​, ៥ទូរស័ព្ទដៃម៉ាក Camfone ពណ៌ខ្មៅចំនួន១គ្រឿង​, ៦​ -ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌កាប់ស្តាំងចំនួន១គ្រឿង, ៧​ កាបូបស្ពាយក្រឡាការ៉ូចំនួន១ ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print