ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសស្ទើរស្លាប់ស្ទើររស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកនៅគ្រាដែលគាត់កំពុងរត់ឆ្លងថ្នល់ជាតិលេខ៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃសុក្រ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតនៅក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ត្រី ខៀវ សុខា នាយ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានប្រាប់ឱ្យដឹងថា ជនរងរបួសធ្ងន់ឈ្មោះ សុិន ចាន់ថូ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បច្ចុប្បន្នជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។
លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបន្តថា ជនរងរបួស(សុិន ចាន់ថូ)បានដើរឆ្លងផ្លូវពីត្បូងទៅជើង ហើយស្របគ្នានោះក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាតាកូមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦.២-១៦៨៨ បើកបរដោយឈ្មោះ មាស ពិសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទី២ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបងមកដល់ចាប់ហ្វ្រ័ងមិនទាន់ក៏បុកជនរងគ្រោះតែម្តង។
លោកបន្តទៀតថា បច្ចុប្បន្នវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន