ទឹកជំនន់ បានវាយប្រហារភាគខាងលិច នៃប្រទេសជប៉ុន ខណៈអាជ្ញាធរនាំគ្នាជម្លៀសប្រជាជនជាង ៧ម៉ឺននាក់ រកកន្លែងមានសុវត្ថិភាព

ចែករំលែក៖

អន្តរជាតិ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់គាំង និងមនុស្ស ១៣នាក់បាត់ខ្លួន។ ចំណែកមនុស្សប្រហែលជា ៧៥,០០០នាក់ទៀត ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅភាគខាងលិច នៃប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ដែលបានបាត់ខ្លួននៅខេត្ត គូម៉ាមូតូ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានកប់នៅក្រោមដីភក់។ លើសពីនេះទៅទៀត អាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំឱ្យកងទ័ពចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។

ទីភ្នាក់ងារអាកាសធាតុជប៉ុន នៅថ្ងៃសៅរ៍នេះ បានចេញការព្រមានកម្រិតខ្ពស់បំផុត ពីភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្តគូម៉ាមូតូ (Kumamoto) និង កូហ្គូសស៊ីម៉ា (Kagoshima) នៅលើ កោះគ្យូស៊ូ (Kyushu) ដោយមន្ត្រីក្នុងតំបន់ លោក តូស្យាគី មីហ្សុកាមី (Toshiaki Mizukami) បាននិយាយថា៖« យើងបានចេញបទបញ្ជាឱ្យជម្លៀសប្រជាជន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយយើងទទូចឱ្យប្រជាជនអនុវត្តតាម ដើម្បីការពារជីវិតខ្លួន ដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង»

បើតាមសារព័ត៌មានក្យូដូ (Kyodo) ប្រជាជនចំនួន ៧៥,០០០នាក់នៅខេត្ត គូម៉ាមូតូ និងកូហ្គាស៊ីម៉ា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ

ខណៈដែលមនុស្សជិត ១០០នាក់ កំពុងបានជាប់គាំងនៅក្នុងផ្ទះ។ ចំណែកឯ សេវាកម្មរថភ្លើងមួយចំនួន រួមទាំងប្រតិបត្តិការរថភ្លើងល្បឿនលឿនស៊ីនខាន់សិន (Shinkansen) ត្រូវបានផ្អាកនៅក្នុងតំបន់។

បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងរដូវវស្សា ដែលជាញឹកញាប់បង្កជាគ្រោះទឹកជំនន់និង ការរអិលបាក់ដី ដែលជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញបទបញ្ជាជម្លៀសប្រជាជនជាបន្ទាន់។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print