អន្តរជាតិ៖ អ្នកដំណើរពីប្រទេសចំនួន៥០ នឹងអាចចូលទៅអង់គ្លេស «ដោយមិនបាច់ឆ្លងកាត់ចត្តាឡីស័ក» ដែលចូលមកក្នុងទឹកដីអង់គ្លេស ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៉ីតាលីជាដើម ប៉ុន្តែមិនមានសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសថ្ងៃសុក្រសប្ដាហ៍នេះ ។
តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ដែលបានដកស្រង់នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសសនៅថ្ងៃសុក្រទី៣ ខែកក្កដានេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) ក៏បានបញ្ជាក់ថា ការសម្រេចចិត្តខាងលើនឹងចូលជាធរមាន នៅថ្ងៃទី១០ ខែកក្កដានេះ ហើយនឹងបន្ធូរបន្ថយការព្រួយបារម្ភរបស់ភ្ញៀវទេសចរ ឬអ្នកដំណើរ ពីការធ្វើចត្តាឡីស័ក នៅពេលមកដល់ទឹកដីអង់គ្លេស។
ទោះជាយ៉ាងណា ការធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ នៅតែត្រូវអនុវត្តដដែល សម្រាប់ប្រជាជនមកពីបណ្ដាប្រទេស ដែលនៅមានហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ខណៈប្រទេសស្កុតឡែន វែល និងអ៊ែរឡង់ខាងជើង ដែលសុទ្ធសឹងតែមានគោលនយោបាយសុខាភិបាលផ្ទាល់ខ្លួន នៅក្នុងចក្រភពអង់គ្លេស មិនបានប្រកាសពីផែនការ លុបចោលការធ្វើចត្តាឡីស័កនោះទេ។
សូមជម្រាបថា បណ្តាប្រទេស និងដែនដីស្ថិតនៅតំបន់អាស៊ី–ប៉ាស៊ីហ្វិកដូចជា អូស្ត្រាលី នូវែលសេឡង់, កូរ៉េខាងត្បូង, វៀតណាម, ហុងកុង, ជប៉ុន, និងកោះតៃវ៉ាន់ ក៏ស្ថិតនៅក្នុងបញ្ជីលើកលែងរបស់អង់គ្លេសផងដែរ ស្របពេលដែល សហរដ្ឋអាមេរិក, ឥណ្ឌា, រុស្ស៊ី, ចិន, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន មិនមានឈ្មោះនៅក្នុងបញ្ជីលើកលែងឡើយ៕ដោយ៖ស តារា