ខេត្តព្រៃវែង ៖ នៅក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងឈាបនដ្ឋានវាលតូច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង លោក វង សូត បានថ្លែងថា ពលរដ្ឋជាង៤៥ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។ ប៉ុន្តែការឧបត្ថម្ភនេះនឹងបញ្ឈប់ទៅវិញនៅពេលដែលជំងឺកូវីដ-១៩ បានផុតរលត់បាត់ទៅ ។ ដូច្នេះហើយសូមបងប្អូនផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ យើងបានផ្តល់ជូនចំនួនជាង៤៥ម៉ឺនគ្រួសាររួចហើយ ដែលពួកគាត់ទាំងនោះសុទ្ធតែជាអ្នកក្រីក្រខ្វះខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់»។
លោក វង សូត បានគូសបញ្ជាក់ថា ពេលបច្ចុប្បន្ននេះថ្វីដ្បិតតែមានគ្រួសារមួយចំនួនធំមានជីវភាពប្រសើរ តែក៏នៅមានគ្រួសារមួយចំនួនតូចកំពុងស្ថិតក្នុងភាពក្រីក្រនៅឡើយ អ៊ីចឹងហើយទើប រាជរដ្ឋាភិបាលបានសម្រេចផ្តល់នូវប្រាក់ឧត្ថម្ភប្រចាំខែបន្តិចបន្តួចដល់គ្រួសារក្រីក្រទាំងនោះ ដែលមានសរុបប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានជាង៤៥ ម៉ឺនគ្រួសារបានទទួលការឧបត្ថម្ភរួចហើយ។
ទាក់ទងទៅនឹងសមិទ្ធផលដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះ លោក វង សូតបានបញ្ជាក់ថា សមិទ្ធិនេះគឺសម្រាប់ពលរដ្ឋនៅទីនេះប្រើប្រាស់រួម ដូច្នេះត្រូវមានការថែរក្សាជារួម។ សមិទ្ធផលរួមមាន សាលាបុណ្យ និងឈាបនដ្ឋាន រួមនឹងការរៀបចំទីធ្លានៅទីកន្លែងនេះដែលត្រូវចំណាយថវិកាអស់ជាង៣៣.០០០ដុល្លារ ៕ដោយ៖ស តារា