ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្សនិស្សិតកម្ពុជាជ្រាបថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) បានសម្រេចលុបជេីងងយន្តហោះពាណិជ្ជកម្មពិសេសដែលគ្រោងនឹងហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី បានបញ្ជាក់ថា៖ មូលហេតុនៃការលុបចោលជេីងហោះហេីរនេះ ដោយសារមានការលុបចោលជេីងហោះហេីរតភ្ជាប់ពីទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប របស់ក្រុមហ៊ុន MedicMesir ដែលជាអ្នកចាត់ចែងរៀបចំជេីងយន្តហោះពិសេស (Charter Flight) ដឹកនិស្សិតកម្ពុជាចំនួន៤៤នាក់ មកកាន់ទីក្រុងគូឡាឡាំពួ រួចតភ្ជាប់ជាមួយជេីងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីកាន់រាជធានីភ្នំពេញ។
ការលុបចោលជេីងយន្តហោះតភ្ជាប់ពីទីក្រុងគែរមកទីក្រុងគូឡាឡាំពួនេះ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មិនមានអ្នកដំណើរគ្រប់គ្រាន់សម្រាប់ការហោះហើរពីទីក្រុងគូឡាឡាំពួឆ្ពោះទៅកាន់រាជធានីភ្នំពេញ តាមការគ្រោងទុក។
ភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងទាក់ទងផ្ទាល់ទៅអ្នកដំណេីរទាំងអស់ដែលបានទិញសំបុត្ររួចហេីយសំរាប់ជេីងយន្តហោះ គូឡាឡាំពួ-ភ្នំពេញ ដែលបានលុបចោលនេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី បន្តថា៖ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា