ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០១៦ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រីលី ធុជ អមដំណើរដោយលោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានចុះត្រួតពិនិត្យផ្សារបានលុងរកដំណោះស្រាយបញ្ហាសំរាមជូនអាជីវករ។
ការចុះត្រួតពិនិត្យនាព្រឹកនេះបន្ទាប់ពីក្រុមអាជីវករលក់ដូរជាច្រើនអ្នកបានសំណូមពរអោយជួយអន្តរាគមន៍ករណីម្ចាស់វិនិយោគផ្សារយករទះដឹកសំរាមមកគរទុកកន្លែងលក់ដូររបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងពុំមានភ្ញៀវហ៊ានចូលទៅក្បែរតូបទិញម្ហូបអាហារ បន្លែ ផ្លែឈើ ពោលគឺលក់ពុំដាច់ដោយសារតែបញ្ហាក្លិនស្អុយចេញពីគំនរសំរាម។
បើតាមក្រុមអាជីវករប្រាប់អោយដឹងថា គំនរសំរាមខាងលើនេះត្រូវបានខាងម្ចាស់វិនិយោគផ្សារបានលុងដឹកយកមកគរទុកប្រហែលមួយអាទិត្យកន្លងមកដោយកន្លែងចង្អៀតមិនអាចអោយខាងក្រុមហ៊ុនប្រមូលសំរាមយករថយន្តដឹកសំរាមចេញបានទេ។ ក្រុមអាជីវករបញ្ជាក់ឲ្យដឹងទៀតថា ពួកគាត់តំរូវអោយបង់លុយប៉ុន្តែខាងភាគីវិនិយោគផ្សារបានលុង និងក្រុមហ៊ុនប្រមូលសំរាមចេះតែឆ្លើយដាក់គ្នាយកតែរួចរៀងៗខ្លួនមិនគិតពីផលប៉ះពាល់របស់ពួកគាត់។
ក្នុងព្រឹកថ្ងៃទី២៦ ខែមករា លោកទេសរដ្ឋមន្ត្រីលី ធុជ ដែលចុះត្រួតពិនិត្យផ្សារបានលុងរកដំណោះស្រាយបញ្ហាសំរាមជូនក្រុមអាជីវករបានជំរុញអោយអភិបាលក្រុងបានលុង លោក អ៊ុក សំអុល និងលោកជា គង់ប្រធានក្រុមហ៊ុនប្រមូលសំរាមត្រូវសហការគ្នាដើម្បីលៃយកពេលវេលាណាមួយសមស្របដែលក្រុមអាជីវករសំរាកពីការលក់ដូរចូលយកសំរាមដឹកចេញមកក្រៅ ជៀសវាងបង្កផលប៉ះពាល់ដល់ការរកស៊ីរបស់ពួកគាត់។
គួររំលឹកផងដែរថាបញ្ហារវាងម្ចាស់វិនិយោគផ្សារបានលុង អាជ្ញាធរក្រុងបានលុង និងក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាក្តីក្តាំនឹងគ្នាមិនចេះចប់ មិនចេះហើយ ដូចជារឿងបញ្ហាសំរាមប្រមូលមិនទាន់ បញ្ហាដីរដ្ឋទំហំ៥៤x១១០ ដណ្តើមគ្នាកាន់កាប់ធ្វើអាជីវកម្មយកផលប្រយោជន៍រៀងៗខ្លួន មិនគិតពីផលលំបាករបស់ក្រុមអាជីវករដែលជាអ្នករងគ្រោះ ព្រោះពួកគាត់ត្រូវបង់លុយថ្លៃភាស៊ីសំរាមប្រចាំខែ និងភាស៊ីផ្សារប្រចាំថ្ងៃ-ខែ សរុបទៅក្នុង១តូបៗចំណាយអស់ជាង២០ម៉ឺនរៀល ៕
ដោយ៖ អ៊ុច សាវុទ្ធ