ក្រោយរយៈពេលជិត១១៥ថ្ងៃព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសវៀតណាមដោយសារតែស្ថានភាពជំងឺធ្ងន់នោះ នៅពេលនេះបានធូរស្រាលហើយ គឺរង់ចាំតែការវិវឌ្ឍសុខភាពតែប៉ុណ្ណោះ។ ក្រោយគ្រូពេទ្យសន្និដ្ឋានថាអាចធ្វើដំណើរបាន ក្រុមការងារក៏បានរៀបចំឲ្យលោកធ្វើដំណើរនៅថ្ងៃទី១២ ខែកក្កដា ទៅកាន់ទីក្រុងឡុងដុងវិញ។
សារព័ត៌មានទៀងផុងរបស់វៀតណាម នៅថ្ងៃទី៦ ខែកក្កដាបានបញ្ជាក់ថា អ្នកជំងឺទី៩១នឹងបានទៅស្រុកវិញនៅថ្ងៃទី១២ ខែកក្កដាតាមជើងហោះហើរពាណិជ្ជកម្ម។
តាមគម្រោងមុនពេលឡើងយន្តហោះអ្នកជំងឺទី៩១ នឹងត្រូវមើលឲ្យជាសះស្បើយជាលើកចុងក្រោយ ហើយចេញលិខិតបញ្ជាក់ថាមិនមានផ្ទុកវីរុសកូវីដ-១៩ទៀតឡើយ មុនពេលឡើងយន្តហោះ។ អាកាសយានិកជនជាតិអង់គ្លេសរូបនេះបានរកឃើញឆ្លងកូវីដ-១៩ តាំងពីថ្ងៃទី១៨ ខែមីនា ដោយឆ្លងពីសម្បុកកូវីដ-១៩ ពីហាងបារមួយនៅខណ្ឌទីពីរនៃទីក្រុងហូជីមិញ។
នៅល្ងាចថ្ងៃទី៦ ខែកក្កដានេះដែរ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១៤នាក់ទៀត គឺជាជនជាតិវៀតណាមដែលវិលត្រឡប់មកពីប្រទេសបង់ក្លាដែស តែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ។
ដូច្នេះគិតមកដល់ម៉ោង១៨ ថ្ងៃទី ៦ ខែកក្កដា វៀតណាមមានអ្នកឆ្លងសរុប២២៩នាក់ដែលចូលមកពីខាងក្រៅត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ចំណែកនៅក្នុងសហគមន៍វិញមិនមានអ្នកឆ្លងឡើយ ៕
ដោយ៖ ធី រីណា