ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)បាននាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះ វស្សាចំនួន ៣វត្ត មានវត្តអង្គជ្រៃហៅទន្លេកន្ទិល, វត្តសំរោងទង និងវត្តអង្គទំលាប់ ស្ថិតក្នុងឃុំ-ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
ពិធីប្រគេនទៀនព្រះវស្សាប្រព្រឹត្តទៅដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រីអ្នកមុខអ្នកការ រួមជាមួយនាយទាហាន នាយទាហានរងនិងពលទាហានក្នុងអគ្គបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ព្រមទំាងពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាថ្ងៃ ចន្ទ ១រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០ ២០ ក្នុងវត្តអង្គជ្រៃ ហៅវត្តទន្លេកន្ទិល។
មានប្រសាសន៍សំណេះសំណាលទៅកាន់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តនាឱកាសនោះ នាយឧត្តមសេនីយ៍ ណុប រតនា បានសម្តែងការកោតសរសើរចំពោះអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានឃុំ-ស្រុកសំរោង ទងខេត្តកំពង់ស្ពឺ ព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត រួមសាមគ្គីសហការគ្នាបានល្អ កសាងមូលដ្ឋាន ពិសេសទីអារាមឲ្យមានការរីកចម្រើន ។លោកបន្តទៀតថា ថ្វីដ្បិតតែនាយទាហាន នាយទាហានរង ពលទាហានគ្រប់កងឯកភាពភាពជាប់ភារកិច្ចមមាញឹកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: និងការពារបូរណភាពទឹកដី ព្រះរាជាណាចក្រកម្ពុជាក្នុងភូមិសាស្ត្រ តំបន់ព្រំដែនយ៉ាងណាក៏ដោយ ក៏កងកម្លាំងនៃបញ្ជាការដ្ឋានកាំភ្លើងធំ តែងតែផ្សារភ្ជាប់ទៅនិឹងវិស័យពុទ្ធចក្រអាណាចក្រ នៅទីអារាមនានាដែលស្ថិតនៅជិតមូលដ្ឋានកងទ័ពឈរជេីងជារៀងរាល់ឆ្នាំ ។ ជាមួយគ្នានេះលោក ណុប រតនា បានសំណូមពរចំពោះព្រះសង្ឃវត្តទាំង៣ក្នុងឃុំសំរោងទងសូមមេត្តាជួយអប់រំណែនាំប្រជាពលរដ្ឋទៅតាមផ្លូវពុទ្ធចក្រដល់ពុទ្ធបរិស័ទទាំងអស់ឱ្យចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ប្រព្រឹត្តតែអំពើល្អ សុចរិត ទៀងត្រង់ ចេះជួយគ្នាគ្រប់គ្រាលំបាក មានចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះ មហាក្សត្រ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ចូលរួមការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំដោយលំបាកក្នុងរយ:ពេលជាង ៤០ឆ្នាំកន្លងមករបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវជឿលើការញុះញង់ភូតកុហកបោកប្រាស់របស់ក្រុមជ្រុលនិយម នាំឲ្យអន្តរាយប្រទេសជាតិនោះឡើយ។ក្នុងនោះលោកបានជម្រាបជូនពីបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងព្រួយបារម្ភ ហេីយសព្វថ្ងៃកេីនឡេីងជាងដប់លាននាក់និងស្លាប់អស់ជាងកន្លះលាននាក់ហើយ។ ដូច្នេះសូមពុក-ម៉ែប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន រក្សាអនាម័យឱ្យបានប្រសេីរគ្រប់ៗគ្នា ដើម្បីជៀសឱ្យឆ្ងាយពីរោគាមួយនេះ ដោយពាក់ម៉ាស់ការពារ ព្រោះពិភពលោកមិនទាន់រកវ៉ាក់សាំងការពារបាននៅឡេីយ។ បន្ទាប់មកលោកណុប រតនា បានប្រគេនព្រះសង្ឃក្នុងថ្ងៃចូលព្រះវស្សា រួមមានវត្តអង្គជ្រៃហៅទន្លេកន្ទិល វត្តសំរោងទង និងវត្តអង្គទន្លាប់ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ១គូ ប្រេងម៉ាស៊ូត៣០លីត្រ អង្ករ៦បាវ ត្រីខ ៦យួរ សាច់កំប៉ុង១កេស ទឹកបរិសុទ្ធ ៦កេស ទឹកក្រូច៦កេស ទឹកត្រីទឹកស៊ីអុីវ ៤យួរ ទឹកដោះគោ១កេស មីខ្លាឃ្មុំ៦កេស ប្រេងឆាដបធំ១ដប។ក្រៅពីនេះមានតែស្ករស ប្រេងឆា ខ្ទឹមស អំបិល ម្រេច ប៊ីចេង ទឹកដៅះគោខាប់ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យកសាងវត្តអង្គជ្រៃចំនួន៣លានរៀល, វត្តសំរោងទង ១លានរៀល១០០ដុល្លារ និងវត្តទំលាប់ ១លានរៀល១០០ដុល្លារ ។ បច្ច័យសម្រាប់ព្រះអង្គចៅអធិការផ្ទាល់២០ម៉ឺនរៀល អាចារ្យធំ ២០ម៉ឺនរៀល មេឃុំ ៤សែនរៀល ក្រុមប្រឹក្សាឃុំ៧នាក់ក្នុង
ម្នាក់ៗ ១សែនរៀល យាយជី តាជី និងពុទ្ធ បរិស័ទ ម្នាក់ៗទទួលបាន ១មឺុនរៀលសារុងមួយ កុមារម្នាក់ៗ ២ពាន់រៀល។ កងកម្លាំងនគរបាលការពារ៤០ម៉ឺនរៀលមេភូមិ ២០នាក់ម្នាក់ៗ៥មុឺនរៀលផងដែរ ៕
ដោយ៖ សុខដុម