ភ្នំពេញ៖ តារាសម្តែងប្រុសសឿន វីតា និងក្រុមគ្រួសារកំពុងមានទុក្ខដ៏ក្រៀមក្រំបន្ទាប់ពីជីតាលោក កង ចន្ទអតីមន្ត្រីសមាជិកព្រឹទ្ធសភា នីតិកាលទី១,២ ទទួលមរណភាពកាលពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ពិធីបុណ្យសពត្រូវបានបន្តធ្វើនៅភ្នំពេញ និងខេត្តបាត់បដំបងបន្ទាប់ពីកម្មវិធីបុណ្យនេះត្រូវបានធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិករួចមក។
តារាសម្តែង សឿន វីតាបានបញ្ជាក់ទាំងទឹកមុខស្រពោនថា លោកពិតជាមនអារម្មណ៍សោកសង្រេងយ៉ាងខ្លាំងក្រោយពីទទួលដំណឹងដ៏រន្ទត់អំពីមរណៈភាពរបស់លោកតា។ លោកបញ្ជាក់ថាលោកតាបង្កើតរបស់លោក បានទទួលមរណភាពកាលពីថ្ងៃទី០១ខែមករាមកម្ល៉េះបន្ទាប់ពីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីព្យាបាលជំងឺ។
លោកបន្តថានៅសហរដ្ឋអាមេរិកមានលោកយាយ ចាប យ៉ុង និងកូនចៅនៅទីនោះជាអ្នកមើលថែផងដែរ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរទើបលោកតាទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំ។ លោកបន្តទាំងទឹកមុខក្រៀមក្រំថា កន្លងមកលោកបានធ្វើដំណើរមកពីខេត្តបាត់ដំបងមករស់នៅនិងសិក្សានៅភ្នំពេញពីកុមារមកម្ល៉េះដោយមានលោកតាជាអ្នកមើលថែរអប់រំណែនាំនិងផ្គត់ផ្គង់ដល់ការរៀនសូត្រ។ លោកបន្តថា លោកតាគឺជាឪពុកជាជីតា និងជាមន្ត្រីរដ្ឋាភិបាលដ៏ល្អជាគំរូរសម្រាប់អ្នកនៅជំវិញខ្លួន ហើយតារបស់លោកតែងអប់រំប្រដៅលោកជាប្រចាំទោះបីជាលោកបម្រើការងារឬប្រឡូកក្នុងអាជីពជាអ្នកសិល្បៈក្តី។ អ្វីដែលលោកចាំមិនភ្លេចផងដែរនោះគឺមានអនុស្សាវរីយជាច្រើនដែលចងចាំក្នុងចិត្តជាច្រើនមិនអាចបំភ្លេចបានពិសេសទឹកចិត្តអាណិតស្រលាញ់កូនចៅប្រកបដោយមេត្តាធម៌។
លោកស្រី ចាប យ៉ុង ជាភរិយានៃសពឯកឧត្តមកង ចន្ទ មានប្រសាសន៍ថា មរណភាពរបស់ស្វាមីអ្នកស្រីគឺជាទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារទាំងមូលដែលបានបាត់បង់ ស្វាមី ឪពុក ជីតា ជូតាតួត ។ លោកស្រីបញ្ជាក់បន្ថែមថាស្វាមីលោកស្រីមានស្រុកកំណើតនៅលើទឹកដីខេត្តបាត់ដំបង។ដោយស្ថិតក្នុងត្រកូលជាមន្ត្រីរាជការឃុំ ស្វាមីលោកស្រីបន្តជួយការកិច្ចការជាតិមាតុភូមិនៅមូលដ្ឋានជាដរាបរហូតដល់ឆ្នាំ១៩៩៣ស្វាមីលោកស្រីបានចូលមម្រើការងារជាមន្ត្រីសមាជិកព្រឹទ្ធសភាតំណាងរាស្ត្រខេត្តបាត់ដំបង រហូតចូលនិវត្តន៍។
លោកស្រីបន្តថា ក្នុងរយៈពេលនៃការបំពេញការងារនេះស្វាមីលោកស្រីបានចូលរួមចំណែកក្នុងការចូលរួមកិច្ចការងារប្រទេសជាតិជាច្រើនពិសេសគឺការចូលរួមចំណែកអភិវឌ្ឍន៍កសារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន វត្តអារាមជាដើម។ លោកស្រីបន្តថា ក្រោយរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិកមក សពស្វាមីលោកស្រីត្រូវបានតំកល់ធ្វើបុណ្យនៅភ្នំពេញនៅថ្ងៃទី២៥មករា រួចនៅព្រឹកថ្ងៃទី២៦ខែមករានេះសពនឹងត្រូវដង្ហែទៅធ្វើបុណ្យ២យប់៣ថ្ងៃនិងបញ្ចុះទៅនៅទឹកដីកំណើតនាភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង៕
ដោយ៖ វឌ្ឍនា