អាមេរិក៖ មិនទុកឲ្យយូរនោះឡើយ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំណើរការនីតិវិធីដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ Joe Biden ចេញមុខប្រកាសទៅកាន់មហាជនអាមេរិកថា លោកនឹងបញ្ជូនអាមេរិក ចូលទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយជាប់ឆ្នោត។
នៅលើបណ្តាញសង្គម លោកJoe Biden បានសរសេរថា « ពលរដ្ឋអាមេរិកនឹងមានអារម្ភណ៍សុវត្ថិភាពជាង ពេលផ្សាភ្ជាប់ជាមួយភារកិច្ចសុខភាពពិភពលោក។ នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងប្រធានាធិបតី អាមេរិក ខ្ញុំនឹងដាក់អាមេរិកចូលក្នុងអង្គការWHO វិញភ្លាមដើម្បីសស្តាកិត្តិយសរបស់យើងនៅលើឆាកអន្តរជាតិ»។
ប៉ុន្តែ ការដកអាមេរិកចេញពីWHOគឺត្រូវ ប្រើពេល ដល់ទៅ១ឆ្នាំ គឺរហូតដល់ថ្ងៃទី ៦ ខែកក្កដាឆ្នាំ២០២១ទើបអាមេរិកចេញពីWHOជាផ្លូវការ។ ដូច្នេះប្រសិនបើការបោះឆ្នោតនៅដើមខែវិច្ឆិកានេះ លោកត្រាំ ចាញ់ឆ្នោតនោះ ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក នឹងមិនបានសម្រេចនោះឡើយ។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក ដើរតួសំខាន់ជាងគេបំផុតក្នុងការទប់ស្កាត់ ជំងឺរាតត្បាតធំលើពិភពលោក ពិសេស កូវីដ១៩។
តាមលទ្ធផលស្ទង់មតិរបស់New York Times/Siena បានបង្ហាញឲ្យឃើញថា បេក្ខភាពJoe Biden ទទួលបានការគាំទ្រខ្ពស់ នៅក្នុងរដ្ឋសំខាន់បំផុត ចំនួន៦ គឺ Pennsylvania, Michigan, Wisconsin, Florida, Arizona និង North Carolina។ រដ្ឋទាំងនោះកាលពីឆ្នាំ២០១៦ បានជួយឲ្យលោកត្រាំឈ្នេះឆ្នោត ប៉ុន្តែលើកនេះបានងាកមកគាំទ្រ គណបក្សប្រជាធិបតេយ្យវិញម្តង៕
ដោយ៖ ធី រីណា