ភ្នំពេញ៖ កីឡាករ ផល សោភ័ណ្ឌ របស់ក្លិបតាឡីដំរីមានឫទ្ធិបានចេញ ដំណើរទៅចូលរួមប្រកួតនៅប្រទេសចិនក្នុងកម្មវិធី (THE LEGEND EMEI ) ដែលជាព្រឹត្ដិការណ៍ប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់របស់ប្រទេសចិនដ៏ ធំមួយកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦កន្លងទៅ ។
ប្រភពព័ត៌មានពីបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្លិបតាឡីដំរីមានឫទ្ធិ បានឱ្យដឹងថា ផល សោភ័ណ្ឌ មានប្រភេទ ទម្ងន់៦៣គីឡូក្រាម ខណៈដែលដៃគូ របស់គេមានទម្ងន់៦៥គីឡូក្រាម ប៉ុន្ដែ នៅមិនទាន់ប្រាកដថាអ្នកប្រដាល់រូប នោះឈ្មោះអ្វី មកពីប្រទេសណាឡើយ ។
ប្រភពខាងលើបានឱ្យដឹងទៀតថា ផល សោភ័ណ្ឌ ចេញដំណើរទៅប្រកួត នៅប្រទេសចិនលើកនេះគេបានហ្វឹក ហាត់ត្រៀមគ្រប់គ្រាន់ ប៉ុន្ដែការប្រកួត នេះមិនតម្រូវឱ្យកីឡាករប្រើកែងវាយ ឡើយ ចំណែកឯស្នៀតជង្គង់គឺប្រើបាន តែអាជ្ញាកណ្ដាលត្រូវចាបបំបែកភ្លាម ហើយការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ។
បើទោះបីកីឡាករ ផល សោភ័ណ្ឌ បានចេញដំណើរទៅដល់ប្រទេសចិន ហើយក្ដីតែឈ្មោះកម្មវិធីពិតប្រាកដ នៅមិនទាន់ដឹងច្បាស់នោះទេ រីឯគូ ប្រកួតក៏មិនបានស្គាល់ឈ្មោះនិងស្គាល់ ប្រវត្ដិរូបដែរ ។ តែផល សោភ័ណ្ឌ ហាក់ មានជំនឿចិត្ដក្នុងការប្រកួតខុសប្លែកពី ប្រកួតក្នុងកម្មវិធីThai Fight នៅប្រទេស ថៃកន្លងទៅ ។
កីឡាករផល សោភ័ណ្ឌ អាចមានបាន ឱកាសចេញទៅប្រកួតកម្មវិធីនេះក្នុងជុំ ទី២បានប្រសិនបើគេវាយឈ្នះគូប្រកួត របស់ខ្លួនក្នុងចុងខែមករានេះដែលការ ប្រកួតនៅជុំទី២គឺធ្វើនៅក្នុងខែមីនាម្ដង ទៀត។មុនចេញដំណើរ កីឡាករ ផល សោភ័ណ្ឌ បានទៅសុំពរជ័យនិងជម្រាបលា លោក ញ៉ូវ ម៉ាក់ ដែលជាគ្រូបង្វឹកក្លិប ប្រដាល់តាឡីដំរីមានឫទ្ធិ ។
ទន្ទឹមនឹងនោះដែរលោក វើក សាមឿន ចៅសង្កាត់ដង្កោក៏បានជួយឧបត្ថម្ភលើកទឹកចិត្ដ ផល សោភ័ណ្ឌ នូវថវិកាចំនួន ៧០ដុល្លារសម្រាប់ធ្វើដំណើរផងដែរ៕
ដោយ៖ សារីម