ខេត្តកណ្តាល៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូលជិះគ្នា២នាក់បើកបោះពួយយ៉ាងលឿនរេចង្កូតចូលទៅបុកម៉ូតូហុងដាឌ្រីមជិះគ្នា២នាក់ ដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្សទាំង៤នាក់ជិះលើម៉ូតូទាំង២គ្រឿងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៥៥នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាលោកអនុសេនីយ៍ទោ ពុយ ទ្រី បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះគ្នា២នាក់ ទី១-ឈ្មោះ សៀន សំភាស់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ (ជាអ្នកបើកបរមិនពាក់មួកសុវត្ថិភាព) ទី២-ឈ្មោះ ស្រ៊ីប ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ (ជាអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព) ។ ទាំង២នាក់នេះមានទីលំនៅក្នុងព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ។
លោកអនុសេនីយ៍ទោ ពុយ ទ្រី បានបន្តថា ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FH-3201 ជិះគ្នា២នាក់ ទី១-ឈ្មោះ ថាល់ ថេង ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស (ជាអ្នកបើកបរម៉ូតូមានពាក់មួកសុវត្ថិភាព) ទី២-ឈ្មោះ វុធ មួយគីមភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស ។ ទាំង២នាក់មានទីលំនៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
សាក្សីប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាគុបបើកបរតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង(ពីស្រុកកៀនស្វាយទៅស្រុកស្អាង) ខណៈបើកដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតទៅឆ្វេងដៃជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យម៉ូតូនិងមនុស្សដួលបោកទៅលើផ្លូវធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៤នាក់ ។ ដោយឡែកម៉ូតូទាំង២គ្រឿងរងការខូចខាតមធ្យមត្រូវបានសមត្ថកិច្ចនគរបាលចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕
ដោយ៖ ស្អាងជ័យ